អាជ្ញាធរខេត្តកំពង់ស្ពឺ ដាក់សម្ពោធផ្លូវបេតុងក្រាលកៅស៊ូមួយខ្សែលើខ្នងភ្នំឧទ្យានជាតិសុរាម្រិតកុសមៈគីរីរម្យ ដើម្បីលើកកម្ពស់វិស័យទេសចរ
សារព័ត៌មាន​ ខ្មែរពិត (www.sapormeankhmerpit.com.kh) Phone +85569690578 ។​ សូមអរគុណ...!

អាជ្ញាធរខេត្តកំពង់ស្ពឺ ដាក់សម្ពោធផ្លូវបេតុងក្រាលកៅស៊ូមួយខ្សែលើខ្នងភ្នំឧទ្យានជាតិសុរាម្រិតកុសមៈគីរីរម្យ ដើម្បីលើកកម្ពស់វិស័យទេសចរ

កំពង់ស្ពឺ ៖ ផ្លូវបេតុងក្រាលកៅស៊ូមួយខ្សែប្រវែងប្រមាណជាង៧០០០ម៉ែត្រ ដែលស្ថាបនាដោយក្រុមហ៊ុនវិរៈប៊ុនថាំ ស្ថិតនៅលើខ្នងភ្នំឧទ្យានជាតិព្រះសុរាម្រិតកុសមៈគីរីរម្យ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការកាលពីរសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ ដើម្បីសម្រួលដល់ការធ្វើដំណើរនៃភ្ញៀវជាតិ អន្តរជាតិ។

 

លោកបណ្ឌិត ជាម ចន្ទ័សោភ័ណ អភិបាលខេត្តកំពង់ស្ពឺបានឱ្យដឹងថា ផ្លូវបេតុងក្រាលកៅស៊ូថ្មីមួយខ្សែដែលទើបនឹងស្ថាបនាថ្មីនេះគឺតភ្ជាប់ចេញពីរង្វង់នាគព័ន្ធទៅកាន់រមណីយដ្ឋានឋានសួគ៌គីរីរម្យមានប្រវែង៧០០០ម៉ែត្រចំណាយថវិកាស្ថាបនាដោយក្រុមហ៊ុនវិរៈប៊ុនថាំ។ផ្លូវមួយខ្សែនេះគឺជាសមិទ្ធិផលថ្មីមួយបន្ថែមទៀតនៅលើខ្នងភ្នំឧទ្យានជាតិគីរីរម្យដែលរួមចំណែកផ្តល់នូវសុខសុវត្ថិភាពបន្ថែមដល់អ្នកធ្វើដំណើរនៃភ្ញៀវជាតិ អន្តរជាតិ ពិសេសគឺបានរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋានឱ្យកាន់តែប្រសើរឡើង។

 

លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងថា ឧទ្យាន​ជាតិ​គិរីរម្យ​គឺ​ជា​​រមណីយដ្ឋាន​ទេសចរណ៍​ធម្មជាតិ​មួយ​ដ៏​ល្បី​ ក្នុង​ចំណោម​រមណីយដ្ឋាន​ឧទ្យាន​ជាតិ​ធំៗ​ដទៃ​ទៀត​​​នៅ​ក្នុង​​ប្រទេស​កម្ពុជា​ ហើយ​គិរីរម្យ​​ក៏​ជា​​រមណីយដ្ឋាន​ដែលមាន​កេរ្ដិ៍​ឈ្មោះ​ល្បីល្បាញ​ខ្លាំង​​តាំង​ពី​សម័យ​សង្គម​រាស្ត្រ​និយមមកម្ល៉េះ។រមណីយដ្ឋាន​ឧទ្យានជាតិ​នេះ​ សំបូរ​ទៅ​ដោយ​ទេសភាព​​ល្អ​ប្រណិត​លំអ​រដោយ​ដើម​ស្រល់​តូចធំដុះ​ពី​ធម្មជាតិ​នៅ​លើ​ខ្ពង់រាប​គីរីរម្យ ជ្រោះ​ទឹក​ធ្លាក់​ជា​ច្រើន​អន្លើ​ និង​មានសត្វ​ម្រឹគីម្រឹគា​ជា​ច្រើន​អំបូរ​កំពុងរស់​នៅ​ទី​នោះ អមដោយខ្យល់ធម្មជាតិដែលអំណោយផលដល់ការទៅលេងកម្សាន្តនៃភ្ញៀវទេសចរជាតិ អន្តរជាតិក្នុងមួយឆ្នាំៗប្រមាណជាង១លាននាក់។

 

លោក ហួត ហាក់ គូសបញ្ជាក់ថា រមណីយដ្ឋានឧទ្យានជាតិគីរីរម្យ បច្ចុប្បន្នគឺមានការអភិវឌ្ឍន៍ខ្លាំងលើហេដ្ឋារចនាសម្ព័ន្ធនានាក្រោមការគិតគូរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ ដើម្បីលើកកម្ពស់វិស័យទេសចរ។ផ្ទះសំណាក់ សណ្ឋាគារ រីសត បាននិងកំពុងបណ្តែតខ្លួនត្រៀបត្រានៅលើខ្នងភ្នំ ផ្លូវក្រាលកៅស៊ូ និងផ្លូវបេតុងជាច្រើនខ្សែដែលតភ្ជាប់ទៅតាមតំបន់រមណីយដ្ឋានក៏ត្រូវបានស្ថាបនា ជួសជុលឡើងវិញ ដើម្បីត្រៀមសម្រួលដល់ការធ្វើដំណើរ ចំនេញពេលវេលាដល់ភ្ញៀវទេសចរណ៍ក្នុងការដើរកំសាន្ត ជាក់ស្តែងផ្លូវមួយខ្សែដែលបានដាក់សម្ពោធថ្មីនេះពិតជាបានចូលរួមលើកម្ពស់វិស័យទេសចរណ៍នៅលើខ្នងភ្នំឧទ្យានជាតិគីរីរម្យឱ្យកាន់តែទាក់ទាញ់បន្ថែមទៀត។

 

ទន្ទឹមនិងការសម្ពោធសមិទ្ធផលថ្មីផ្លូវមួយខ្សែនេះ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ហួត ហាក់ បានធ្វើការណែនាំផងដែរទៅដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ពិសេសមន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺ ត្រូវចូលរួមឱ្យបានសកម្មក្នុងការពិនិត្យតាមដានរាល់សកម្មភាពរបស់សហគមន៍ ក៏ដូចជាម្ចាស់អាជីវកម្មនានាក្នុងឧទ្យានជាតិគីរីរម្យលើការផ្តល់សេវាដល់ភ្ញៀវទេសចរ ធ្វើយ៉ាងណាជៀសវាងបង្កការថ្នាំងថ្នាក់ដល់អារម្មណ៍ភ្ញៀវមកលេងកម្សាន្តតាមរយៈការតំឡើងថ្លៃតាមទំនើងចិត្តលើការស្នាក់នៅនិងហូបចុក មួយវិញទៀតត្រូវពិនិត្យនិងចាត់វិធានការលើការសំអាត អនាម័យ បរិស្ថានតាមរមណីយដ្ឋាននានាកុំឱ្យមានសំរាមពាសវាលពាសកាលដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរនៃរមណីយដ្ឋានដ៏ល្បីល្បាញនៃយើង ៕










ដោយ ៖ ប៊ុត សារុន


Post a Comment (0)
Previous Post Next Post