បាត់ដំបង ៖ បុរសជាជនជាតិបរទេសម្នាក់ដេកស្លាប់នៅក្នុងបន្ទប់សណ្ឋាគារប៉ារីស បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ១៤និង០០នាទី ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ នៅត្រង់ចំណុចសណ្ឋាគារប៉ារីស បន្ទប់លេខ ៣០៤ ស្ថិតក្នុងក្រុមទី៣៤ ភូមិ២០ឧសភា សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
ប្រភពនៅកន្លែងកើតហេតុបានអោយដឹងថា ជនជាតិបរទេសដែលស្លាប់ខាងលើមានឈ្មោះ TYLER III THOMAS ADAIR ភេទប្រុស អាយុ ៥៩ ឆ្នាំ សញ្ជាតិអាមេរិក កាន់លិខិតឆ្លងដែនលេខ 548408886 បានមកស្នាក់នៅក្នុងសណ្ឋាគាខាងលើ និងបានបាត់ខ្លូនតាំងពីខែ០៤មកម្លេះ លុះនៅរសៀលថ្ងៃទី២៩ ខែមិថុនានេះទើបប្រទះឃើញសាកសពជនរងគ្រោះដេកស្លាប់នៅបន្ទប់សណ្ឋាគារក្នុងសភាពហើមរលួយទៅហើយ បន្ទាប់មកក៏បានរាយការណ៍ជូនសមត្ថកិច្ចជំនាញកោសល្យវិច័យ នៃស្នងការដ្ឋាននគរបាលខេត្ត និងក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្តចុះមកពិនិត្យជាក់ស្តែងតែម្តង។
បច្ចុប្បន្នសាកសពជនរងគ្រោះ ត្រូវបានជំនាញអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលខេត្ត និងមានការឯកភាពពីលោក ទុត វីនីត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត សម្រេចយកទៅតម្កល់ទុកនៅវត្តស្ទឹងមានជ័យ រាជធានីភ្នំពេញ រង់ចាំស្ថានទូតអាមេរិចប្រចាំនៅព្រះរាជាណាចក្រកម្ពុជាទំនាក់ទំនងទៅសាច់ញាតិដើម្បីមកទទួល យក ចំណែកមូលហេតុឋិតក្នុងការស្រាវជ្រាវបន្ត ៕
ដោយ ៖ សាលី




