មុខសញ្ញាចោរលួចយ៉ាងសកម្មក្នុងក្រុងសិរីសោភ័ណ ៣នាក់ ត្រូវកម្លាំងអាវុធហត្ថឃាត់ខ្លួនបញ្ជូនទៅតុលាការ
សារព័ត៌មាន​ ខ្មែរពិត (www.sapormeankhmerpit.com.kh) Phone +85569690578 ។​ សូមអរគុណ...!

មុខសញ្ញាចោរលួចយ៉ាងសកម្មក្នុងក្រុងសិរីសោភ័ណ ៣នាក់ ត្រូវកម្លាំងអាវុធហត្ថឃាត់ខ្លួនបញ្ជូនទៅតុលាការ

បន្ទាយមានជ័យ ៖ ជនសង្ស័យ៣នាក់ ជាមុខសញ្ញាចោរលួចយ៉ាងសកម្មក្នុងក្រុងសិរីសោភ័ណ​ ត្រូវបានកម្លាំងអាវុធហត្ថក្រុងសិរីសោភ័ណ ធ្វើការបង្ក្រាបឃាត់ខ្លួនជាបន្តបន្ទាប់ និងបញ្ជូនទៅតុលាការ កាលពីរសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ ។

 

លោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានឲ្យដឹងថា នៅកំឡុងពាក់កណ្តាលនិងចុងខែមិថុនា ឆ្នាំ២០២៦ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានទទួលបណ្តឹងរបស់ជនរងគ្រោះ ចំនួន០៥នាក់ ស្តីពីករណីលួច(ទូរសព្ទ-ម៉ូតូ-ទូរទស្សន៍) ដែលប្រព្រឹត្តកាលពីថ្ងៃទី១០,១១,២២,២៣ ខែមិថុនា ឆ្នាំ២០២៦ នៅចំណុចភូមិភ្នៀត សង្កាត់ភ្នៀត,ភូមិ២ សង្កាត់កំពង់ស្វាយ, ភូមិម្កាក់ សង្កាត់ម្កាក់, និងភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ បង្កឡើងដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពលួចយ៉ាងសកម្មក្នុងភូមិសាស្រ្តក្រុងសិរីសោភ័ណ ។ ក្រោយទទួលបានបណ្តឹង កម្លាំងជំនាញបានស្រាវជ្រាវរហូតឈានដល់ ឃាត់ខ្លួនបានជាបន្តបន្ទាប់នូវជនសង្ស័យចំនួន៣នាក់ រួមមាន ៖ ១.ឈ្មោះ តុង ហេង ហៅក្រៅ ក្តាម ភេទប្រុស អាយុ៣២ឆ្នាំ ស្នាក់នៅភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ (ធ្លាប់ជាប់មណ្ឌលកែប្រែជីវិតថ្មីភ្នំបាក់ចំនួន០៤ដងមកហើយ ពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀន), ២.ឈ្មោះ សៀប រម្យ ភេទប្រុស អាយុ៣៣ឆ្នាំ ស្នាក់នៅបន្ទប់ជួលភូមិ២ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ (ធ្លាប់ជាប់ពន្ធនាគារខេត្តបន្ទាយមានជ័យ រយៈពេល០៥ឆ្នាំ ពីបទលួចស្ថានទម្ងន់ទោស), ៣.ឈ្មោះ កាន់ វិចិត្រ ភេទប្រុស អាយុ២៩ឆ្នាំ ស្នាក់នៅភូមិយាយអត ឃុំតាគង់ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ព្រមទាំង ដកហូតវត្ថុតាង ម្សៅក្រាមពណ៌សថ្លា (ទឹកកក) ចំនួន០៣កូន ថងកិប, ២.ថ្នាំគ្រាប់រៀងមូល ពណ៌ក្រហមក្បឿង (WY) ចំនួន០១កូនថងកិប (០៤គ្រាប់), ៣.ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន ចំនួន០១គ្រឿង, ៤.ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។ ៥.ម៉ូតូចំនួន៤គ្រឿង ។

 

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស នៃបញ្ជាការដ្ឋាកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ក្រោយទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តរួចមក ជនសង្ស័យត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់ ដោយឡែកវត្ថុតាងមួយចំនួន ត្រូវបានប្រគល់ជូនម្ចាស់ដើមវិញផងដែរ ៕











Post a Comment (0)
Previous Post Next Post