បន្ទាយមានជ័យ ៖ លោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបាន
ណែនាំដល់មន្ត្រីក្រោមឱវាទ ត្រូវការបំពេញការងារតាមផ្នែកនីមួយៗស្របតាមរចនាសម្ព័ន្ធដែលច្បាប់
និងក្រសួងមហាផ្ទៃ បានកំណត់ទៅតាមឋានានុក្រម។ជាពិសេសអង្គភាពច្រកចេញចូលតែមួយ
សំដៅធ្វើយ៉ាងណាក្នុងការផ្តល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋឱ្យបានល្អប្រសើរប្រកបដោយប្រសិទ្ធភាព
លឿនរហ័ស ទាន់ចិត្ត។
ការណែនាំនៅនេះធ្វើឡើងក្នុងឱកាសប្រកាសចូលកាន់មុខតំណែងជា
នាយករងរដ្ឋបាលសាលាខេត្ត ប្រធានអង្គភាព នាយក-នាយករងទីចាត់ការ
និងប្រធាន-អនុប្រធានការិយាល័យសាលាខេត្តបន្ទាយមានជ័យកាលពីព្រឹកថ្ងៃទី២៩ ខែមិថុនា
ឆ្នាំ២០២៦។
លោកអ៊ុំ រាត្រី ក៏បានបញ្ជាក់ថា ការតែងតាំងការផ្លាស់ប្តូរ
និងផ្ទេរភារកិច្ចមន្រ្តីរាជការ គឺជាដំណើរការជាប្រក្រតីនៅក្នុងការងារដឹកនាំ
គ្រប់គ្រងមន្រ្តីរាជការ ដើម្បីឱ្យបំពេញ តួនាទី-ភារកិច្ច
ក៏ដូចជាការងារប្រចាំថ្ងៃប្រកបដោយគុណភាព និងស័ក្តិសិទ្ធភាព ដោយអនុលោមតាមច្បាប់
ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធនានាជាធរមាន
ក្នុងគោលបំណង ដើម្បីលើកកម្ពស់ ប្រសិទ្ធភាព និងប្រសិទ្ធផល
នៃការបំពេញតួនាទី-ភារកិច្ច ការដឹកនាំ
គ្រប់គ្រងមន្រ្តីរាជការ-បុគ្គលិករបស់រាជរដ្ឋាភិបាល និងជាពិសេស
នៅរដ្ឋបាលថ្នាក់ក្រោមជាតិ។
សូមបញ្ជាក់ថាពិធីប្រកាសចូលកាន់មុខតំណែងនេះត្រូវបានប្រកាសលោក ឈឺន
សូរិយា ប្រធានអង្គភាពអង្គភាពច្រកចេញចូលតែមួយ ជានាយករងរដ្ឋបាលសាលាខេត្ត, លោក ឈុន ប៊ុនថា នាយកទីចាត់ការអន្តរវិស័យ
ជាប្រធានអង្គភាពអង្គភាពច្រកចេញចូលតែមួយ, លោក អ៊ុន ផាត
នាយករងទីចាត់ការអន្តរវិស័យ ជានាយកទីចាត់ការអន្តរវិស័យ, លោក
គុណ សុគន្ធ ប្រធានការិយាល័យសេដ្ឋកិច្ច និងសង្គមកិច្ច ជានាយករងទីចាត់ការអន្តរវិស័យ,
លោក ពេជ្រ ដារ៉ា អនុប្រធានការិយាល័យគណនេយ្យ
ជានាយករងទីចាត់ការហិរញ្ញវត្ថុ រួមនឹងប្រធាន-អនុប្រធាន ចំនួន៨រូបផ្សេងទៀត៕











