បន្ទាយមានជ័យ ៖ ស្រ្តីជាម្ចាស់ហាង កាកាសាឡន
ម្នាក់ត្រូវបានកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត ធ្វើការឃាត់ខ្លួន
និងបញ្ជូនទៅតុលាការកាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ ពាក់ព័ន្ធករណីចាប់ឃុំឃាំង និងប្រើហិង្សាដោយខុសច្បាប់
លើស្ត្រីចំណាស់អាយុ៥៩ឆ្នាំ ។
លោកអនុសេនីយ៍ឯក តិល តៃលីវ
មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឲ្យដឹងថា នៅវេលាម៉ោង១៤និង០០នាទីថ្ងៃទី២៦
ខែមិថុនា ឆ្នាំ២០២៦ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានទទួលបណ្តឹងពីជនរងគ្រោះឈ្មោះ
អ៊ុត ខុន ភេទស្រី អាយុ៥៩ឆ្នាំ រស់នៅភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល
ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ស្តីពីករណីហិង្សាដោយចេតនាស្ថានទម្ងន់ទោស
និងករណីចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់ ដែលប្រព្រឹត្តកាលពីថ្ងៃទី១១ដល់ថ្ងៃទី១៤
ខែមិថុនា ឆ្នាំ២០២៦ នៅចំណុចបុរីសានកូ ស្ថិតក្នុងភូមិផ្សារកណ្តាល
សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត និងនៅចំណុចហាងកាកាសាឡន ស្ថិតក្នុងភូមិបាលិលេយ្យ១
សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត បង្កដោយជនសង្ស័យឈ្មោះ គុំ លីកា ហៅក្រៅ កាកា ភេទស្រី
អាយុ៣០ឆ្នាំ ជាម្ចាស់ហាងកាកាសាឡន ។
ក្រោយទទួលបានបណ្តឹងខាងលើ
កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចុះដល់កន្លែងកើតហេតុ
ហើយធ្វើការស្រាវជ្រាវ រហូតដល់វេលាម៉ោង១០និង០០នាទី ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦
ទើបឃាត់ខ្លួនជនសង្ស័យខាងលើ រួមទាំងដកហូតវត្ថុតាង កាំបិតប៉័ងតោដងឈើប្រវែង៣០សង់ទីម៉ែត្រ
ចំនួន០១ដើម នាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីសួរនាំតាមនីតិវិធី
។
លោកអនុសេនីយ៍ឯក តិល តៃលីវ បានបញ្ជាក់ថា ជនរងគ្រោះខាងលើ ជាស្ត្រីមេម៉ាយគ្មានកូន
គ្មានផ្ទះសម្បែងហើយដើរធ្វើអនាម័យតាមផ្ទះដើម្បីយកប្រាក់ឈ្នួល ក្រោយមកក៏បានសុំជនសង្ស័យខាងលើស្នាក់នៅជាមួយដើម្បីធ្វើជាអ្នកអនាម័យ
ហើយស្នាក់នៅហូបចុកជាមួយគ្នារាប់អានគ្នាដូចម្តាយកូនអស់រយៈពេលជាង៣ឆ្នាំមកហើយ។
ហើយមានថ្ងៃមួយជនជាតិចិនដែលជាសង្សារបស់ជនសង្ស័យខាងលើបានយកទូរសព្ទ
និងកុំព្យូទ័រជាច្រើនគ្រឿងមកផ្ញើជនសង្ស័យ។ ពេលនោះជនរងគ្រោះ កំពុងធ្វើការងារអនាម័យ
ស្រាប់តែឃើញទូរសព្ទចំនួន០៣គ្រឿង ធ្លាក់ចេញមកក្រៅ ហើយជនរងគ្រោះបានយកទូរសព្ទនោះ
ទៅលក់ឲ្យអ្នកទិញទូរសព្ទខូចៗតាមផ្លូវ បានប្រាក់ចំនួន២០០,០០០រៀល(ម្ភៃម៉ឺន)រៀល
ស្រាប់តែថៅកែស្រី (ជនសង្ស័យ) បានដឹងថា ជនរងគ្រោះលួចទូរសព្ទយកទៅលក់ ខ្លួនក៏បានយកកំណាត់ឈើវាយទៅលើជនរងគ្រោះ
បណ្ដាលឱ្យរងរបួសចេញឈាមជាច្រើនកន្លែង
និងបានយកកាំបិតប៉័ងតោមកគំរាមកាត់ម្រាមដៃជើងរបស់ជនរងគ្រោះ
ហើយថែមទាំងគំរាមមិនឱ្យចេញក្រៅផ្ទះទៀតផង។ ក្រោយមកនៅវេលាម៉ោង០៤ និង០០នាទី ថ្ងៃទី១៤
ខែមិថុនា ឆ្នាំ២០២៦ ជនរងគ្រោះបានមានឱកាសរត់ចេញទៅស្នាក់នៅផ្ទះប្អូនស្រីនៅមណ្ឌល៤
ដើម្បីព្យាបាលរបួស និងបានទៅដាក់ពាក្យបណ្តឹងនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងតែម្តង ។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស
នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា
ក្រោយឃាត់ខ្លួននិងសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា
រូបគេពិតជាបានសកម្មភាពប្រើអំពើហិង្សាដូចការប្តឹងចោទប្រកាន់របស់ជនរងគ្រោះពិតប្រាកដមែន
ដោយសារខឹងនឹងជនរងគ្រោះយកទូរសព្ទដែលជនជាតិចិន ជាសង្សារបស់ខ្លួនយកទៅលក់យកលុយ ។
យោងតាមពាក្យបណ្តឹង និងចម្លើយសារភាព ជនសង្ស័យត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់ ៕




