កំពង់ស្ពឺ
៖ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ
ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកំពង់ស្ពឺបានដឹកនាំក្រុមការងារនិងអាជ្ញាធរខេត្តចុះជួបសំណេះសំណាលនិងសួរសុខទុក្ខប្រជាពលរដ្ឋចំនួន១៨២គ្រួសារនៅក្នុងឃុំវល្លិ៍ស
ស្រុកសំរោងទង ខេត្តកំពង់ស្ពឺដែលរងគ្រោះដោយឧបទ្ទវហេតុខ្យល់កន្ត្រាក់ ថ្ងៃទី១៦
ខែមិថុនា ឆ្នាំ២០២៦។
នៅក្នុងជំនួបសំណេះសំណាល
លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី
បានសម្តែងការសោកស្តាយចំពោះការប៉ះពាល់និងខូចខាតផ្ទះសម្បែងដោយបាតុភូតធម្មជាតិខ្យល់កន្ត្រាក់កាលពីរសៀលថ្ងៃទី១៤
ខែមិថុនា ឆ្នាំ២០២៦កន្លងទៅ។ការប៉ះពាល់និងបាត់បង់ផ្ទះសម្បែងគឺពិតជាធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ការរស់នៅរបស់បងប្អូន
ពិសេសគឺមិនអាចចេញទៅរកស៊ីទទួលទានសម្រាប់ផ្គត់ផ្គង់គ្រួសារបាន។
លោកឧបនាយករដ្ឋមន្ត្រីបន្តថា
ក្រោយទទួលដំណឹងពីផលប៉ះពាល់នៃខ្យល់កន្ត្រាក់នេះ សម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី
ហ៊ុន សែន បានណែនាំដល់ក្រុមការងារពិសេសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺឱ្យចុះបន្ទាន់
ដើម្បីពិនិត្យនិងដោះស្រាយសម្រាលការលំបាកក្នុងការរស់នៅ
និងបន្តជួយជួសជុលផ្ទះសម្បែងជូនពួកគាត់។ទន្ទឹមនិងនេះ
សម្តេចក៏បានផ្តល់ជាអំណោយសង្គ្រោះបន្ទាន់ដែលមានជាគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួនដើម្បីដោះស្រាយការលំបាកចំពោះមុខផងដែរ។
ជាមួយនោះដែរ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ក៏បានណែនាំដល់និងផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះឧបទ្ទវហេតុនៃគ្រោះធម្មជាតិខ្យល់កន្ត្រាក់។ហើយចំពោះអំណោយដែលបានផ្តល់ជូនវាពិតជាមិនគ្រប់គ្រាន់និងអាចផ្គត់ផ្គត់ជីវភាពបានយូរអង្វែងនោះទេ តែវាបានសម្រាលតំរូវការបានរយៈពេលខ្លីប៉ុណ្ណោះទំរាំបងប្អូនអាចចេញទៅរកទទួលទានបាន ។
អត្ថបទ៖ប៊ុត
សារុន









