បាត់ដំបង ៖ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង
ដឹកនាំដោយលោក ផេង សិទ្ធី អភិបាលរងខេត្ត ដោយមានការសម្របសម្រួលនីតិវិធីពីលោក ឡី
សិរីរិទ្ធិ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្ត
បានចុះធ្វើការត្រួតពិនិត្យទីតាំងលក់ទំនិញមួយកន្លែងដែលសង្ស័យជាប់ពាក់ព័ន្ធនឹងស្តុកសាច់បង្កក
និងផលិតផលដែលមានប្រភពមកពីប្រទេសថៃ ។
កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងកាលពីវេលាម៉ោង ០៩នុិង០០នាទី
ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ នៅទីតាំង ហាងមួយកន្លែងយីហោ ហ្វ្រេសហ្សប (FRESH
SHOP) តាមបណ្តោយផ្លូវលេខ១ ស្ថិតក្នុងភូមិព្រែកមហាទេព
សង្កាត់ស្វាយប៉ោ ក្រុងខេត្តបាត់ដំបង ដោយបានធ្វើការឃាត់ខ្លួនម្ចាស់ទីតាំងចំនួន
០២នាក់ ៖ ១. ឈ្មោះ ឆាត ច័ន្ទថន ភេទស្រី អាយុ ២៧ឆ្នាំ
មុខរបរអ្នកគ្រប់គ្រងទូទៅសាខាខេត្តបាត់ដំបង, ២. ឈ្មោះ ឈឿម នីត ភេទស្រី អាយុ ២៦ឆ្នាំ
មុខរបរជំនួយការអ្នកគ្រប់គ្រងទូទៅសាខាខេត្ត រួមជាមួយវត្ថុតាងដកហូតមាន ,សាច់មាន់ (ខូចគុណភាព) ចំនួន ១៥ថង់ ស្មើនឹង ៣៤១គីឡូក្រាម , មឹកបំពង់ (ហួសកាលបរិច្ឆេទ) ចំនួន ០៨ កេស ស្មើនឹង ១២០គីឡូក្រាម ,ត្រីសាបាក់ (ខូចគុណភាព) ចំនួន ៣០កេស ស្មើនឹង ៦០គីឡូក្រាម ។
បន្ទាប់ពីពិនិត្យចប់
អ្នកគ្រប់គ្រងនិងជំនួយការទាំង០២នាក់ត្រូវបានឃាត់ខ្លួនបញ្ជូនទៅការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
ដើម្បីធ្វើការសាកសួរ ដោយឡែកវត្ថុតាងដែលបានដកហូតខាងលើត្រូវបានក្រុមការងារចម្រុះសម្រេចយកទៅបំផ្លាញចោលផងដែរ
៕
ដោយ ៖ សាលី









