បាត់ដំបង ៖ នៅថ្ងៃទី៤ ខែមិថុនា
ឆ្នាំ២០២៦ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង
បានអញ្ជើញចុះចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៣ ៣៦១បណ្ណ
ជូនប្រជាពលរដ្ឋចំនួន ១,០៤៧គ្រួសារមកពីភូមិកោះរាម
និងភូមិរូងអំពិល ស្ថិតក្នុងឃុំខ្នាចរមាស ស្រុកបវេល ។
ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ
បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ
ហ៊ុន សែន បន្តមកដល់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត
ជានាយករដ្ឋមន្រ្តីបានយកចិត្តទុកដាក់ខ្ពស់ចំពោះការចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេសសំដៅសម្រេចឱ្យបានព្រំដីដែលមានភាពច្បាស់លាស់កាត់បន្ថយទំនាស់ដីធ្លី។
ឯកឧត្តម
បានណែនាំដល់ប្រជាពលរដ្ឋដែលទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុត្រូវទុកដាក់ឱ្យបានល្អ
កុំលក់ដីត្រូវថែរក្សាទុកចែកបន្តដល់កូនចៅជំនាន់ក្រោយ និងក្រើនរំឭកដល់មន្រ្តី
និងអាជ្ញាធរភូមិ ឃុំ ស្រុក
ត្រូវសហការគ្នាពន្លឿនការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនដល់ប្រជាពលរដ្ឋនិងមិនត្រូវទារកម្រៃសេវាក្រៅផ្លូវការខុសពីគោលការណ៍នោះទេ។
ឯកឧត្តមអភិបាលខេត្តបានលើកឡើងពីការខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីជាមួយភាគីថៃ
និងណែនាំដល់ប្រជាពលរដ្ឋត្រូវមានស្មារតីជាតិនិយមចូលរួមគាំទ្រផលិតផលខ្មែរ ពង្រឹងសាមគ្គីភាព
រួបរួមគ្នាជាធ្លុងមួយគាំទ្រ និងជឿជាក់លើការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន
ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ហើយកុំជឿលើព័ត៌មានមិនពិត
ត្រូវតាមដានព័ត៌មានពិតតាមបណ្ដាញសង្គមផ្លូវការ ត្រូវអប់រំកូនចៅឱ្យគោរពច្បាប់ចរាចរណ៍
រក្សាអនាម័យបរិស្ថាន ចៀសឆ្ងាយពីគ្រឿងញៀន និងចូលរួមប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ «App
NoDrug» ដែលជាមធ្យោបាយលឿនឆាប់រហ័ស សុវត្ថិភាព
និងរក្សាការសម្ងាត់១០០% ចំពោះអ្នករាយការណ៍ករណីគ្រឿងញៀន។
សូមបញ្ជាក់ថា សម្រាប់គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យដែលចេញដោយក្រសួងផែនការត្រូវបានលើកលែងចំពោះសេវាធ្វើបណ្ណកម្មសិទ្ធិដីធ្លី ចំណែកគ្រួសារទូទៅត្រូវបង់សេវា១ម៉ែត្រការ៉េ៤រៀលសម្រាប់ដីកសិកម្ម និង១ម៉ែត្រការ៉េ៣០រៀលសម្រាប់ដីសាងសង់៕
ដោយ ៖ សាលី







