បន្ទាយមានជ័យ ៖ នៅថ្ងៃអាទិត្យ ទី០៧
ខែមិថុនា ឆ្នាំ២០២៦ នេះ រដ្ឋបាលខេត្តបន្ទាយមានជ័យ
បានរៀបចំពិធីជិះកង់ក្នុងយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់ ឆ្នាំ២០២៦» យ៉ាងគគ្រឹកគគ្រេង
ក្នុងគោលបំណងកៀគរថវិកាចូលរួមគាំទ្រដល់មូលនិធិគន្ធបុប្ផាកម្ពុជា
ព្រមទាំងចូលរួមអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៧ នៃទិវាកុមារអន្តរជាតិ ១មិថុនា
និងបំផុសស្មារតី «ខ្មែរជួយខ្មែរ» ក្រោមអធិបតីភាព
ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត និងលោកជំទាវ ជ័យ ណារី អ៊ុំ រាត្រី
និងឯកឧត្តម ប្លែក វ៉ារី ប្រធានប្រឹក្សាខេត្ត មានការអញ្ជើញចូលរួមពីសំណាក់
ថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្ត មន្ត្រីរាជការ
កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស យុវជន សហគ្រិន
និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
ថ្លែងបើកយុទ្ធនាការឯកឧត្តម អ៊ុំ
រាត្រី បានថ្លែងអំណរគុណនិងសម្តែងនូវការកោតសរសើរចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ
និងបងប្អូនប្រជាពលរដ្ឋ សប្បុរសធម៌ទាំងអស់ ដែលបានចំណាយទាំងពេលវេលា
និងថវិកាផ្ទាល់ខ្លួន មកចូលរួមក្នុងយុទ្ធនាការ ជួយដល់កុមារកម្ពុជា។
ឯកឧត្តម អភិបាលខេត្ត បានមានប្រសាសន៍ថា កុមារ
គឺជាទំពាំងស្នងឫស្សី និងជាធនធានមនុស្សដ៏មានតម្លៃបំផុតសម្រាប់អនាគតរបស់ប្រទេសជាតិ។
ការគិតគូរពីសុខុមាលភាព អាហារូបត្ថម្ភ និងការអប់រំរបស់កុមារ
គឺជាកាតព្វកិច្ចដ៏ចម្បងរបស់យើង ជាពិសេសអាណាព្យាបាលគ្រប់រូបត្រូវតែយកចិត្តទុកដាក់។
ការបំផុសស្មារតី «ខ្មែរជួយខ្មែរ» ឯកឧត្តម
អ៊ុំ រាត្រី បានសង្កត់ធ្ងន់ថា ៖ «ថវិកា ១ម៉ឺនរៀល
របស់បងប្អូនម្នាក់ៗ មើលទៅហាក់ដូចជាតិចតួច ប៉ុន្តែបើរួមគ្នារាប់ម៉ឺននាក់
រាបលាននាក់ទូទាំងប្រទេស វានឹងក្លាយជាចរន្តថវិកាដ៏មហាសាល។ នេះគឺជាស្តែងចេញពីស្មារតី
"ខ្មែរជួយខ្មែរ" ក្នុងនាមជាឈាមជ័រតែមួយ
ស្រឡាញ់ និងជួយសង្គ្រោះជីវិតកុមារកម្ពុជាដូចៗគ្នា»។
ឯកឧត្តម អ៊ុំ រាត្រី បានអំពាវនាវដល់សប្បុរសជន វិស័យឯកជន
និងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានក្នុងខេត្តបន្ទាយមានជ័យ
បន្តចូលរួមបរិច្ចាគតាមរយៈមូលនិធិគន្ធបុប្ផាកម្ពុជា ជាបន្តបន្ទាប់ទៀត
ដើម្បីមន្ទីរពេទ្យមានលទ្ធភាពគ្រប់គ្រាន់
ក្នុងការបន្តបេសកកម្មដ៏បរិសុទ្ធជួយដល់កុមារកម្ពុជា។
យុទ្ធនាការនេះ មិនត្រឹមតែជាការចូលរួមលើកកម្ពស់សុខភាព និងកីឡាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាចលនាជាតិមួយដ៏មានសារៈសំខាន់ ក្នុងការប្រមូលនូវថវិកាពីសប្បុរសជនគ្រប់ទិសទី ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការទ្រទ្រង់ និងរក្សានូវកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា បន្តបេសកកម្ម ក្នុងការពិនិត្យ និងព្យាបាលជំងឺជូនដល់កុមារកម្ពុជាក្នុងមួយឆ្នាំៗរាប់លាននាក់៕







