ព្រះវិហារ
៖ ក្រុមការងារអយ្យការអមសាលាដំបូងខេត្តព្រះវិហារ ដឹកនាំដោយ លោក ស្រេង វុទ្ធា
ព្រះរាជអាជ្ញារង នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ បានចុះធ្វើអធិការកិច្ចផ្ទាល់នៅពន្ធនាគារខេត្តព្រះវិហារ
ដោយមានការទទួលស្វាគមន៍យ៉ាងកក់ក្ដៅពី លោក ឧត្ដមអគ្គានុរក្សថ្នាក់លេខ២ យន់ ម៉ានី
ប្រធានពន្ធនាគារខេត្ត។
បេសកកម្មចុះធ្វើអធិការកិច្ចនេះ
ធ្វើឡើងក្នុងគោលបំណងពិនិត្យមើលស្ថានភាពទូទៅនៃការគ្រប់គ្រង ធានាថាលក្ខខណ្ឌរស់នៅ
និងការអប់រំកែប្រែជនជាប់ឃុំ ស្របទៅតាមបទដ្ឋានច្បាប់ជាតិ និងអន្តរជាតិ។ លើសពីនេះ
កិច្ចពិភាក្សារវាងស្ថាប័នទាំងពីរ បានសង្កត់ធ្ងន់ទៅលើតួនាទីដ៏សំខាន់របស់មន្ត្រីពន្ធនាគារ
ដែលមិនត្រឹមតែជាអ្នកថែរក្សាសណ្ដាប់ធ្នាប់ និងសន្តិសុខប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជា «អ្នកអប់រំកែប្រែ»
ដែលត្រូវប្រកាន់ខ្ជាប់នូវសីលធម៌វិជ្ជាជីវៈខ្ពស់ ភាពអត់ធ្មត់
និងការគោរពសេចក្ដីថ្លៃថ្នូររបស់មនុស្សជាតិ។
សូមបញ្ជាក់ថា
ការពង្រឹងសណ្ដាប់ធ្នាប់ និងការលើកកម្ពស់សីលធម៌វិជ្ជាជីវៈនៅក្នុងប្រព័ន្ធពន្ធនាគារ
នៅតែជាកិច្ចការអាទិភាពមួយក្នុងការធានាឱ្យមានការអនុវត្តច្បាប់ប្រកបដោយតម្លាភាព
និងមនុស្សធម៌។
លោក
ស្រេង វុទ្ធា ព្រះរាជអាជ្ញារង
បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីពន្ធនាគារខេត្តព្រះវិហារ
ក្នុងការថែរក្សាសន្តិសុខបានល្អប្រសើរ
ព្រមទាំងបានរំលឹកផងដែរអំពីសារៈសំខាន់នៃការបន្តការអប់រំទូន្មានដល់ជនជាប់ឃុំ
ដើម្បីត្រៀមលក្ខណៈសម្បត្តិឱ្យពួកគេអាចសមាហរណកម្មចូលក្នុងសង្គមវិញដោយសន្តិវិធី
និងក្លាយជាពលរដ្ឋល្អនាពេលអនាគត។
ជាចុងបញ្ចប់ លោក ស្រេង វុទ្ធា ក៏បានពាំនាំពាក្យផ្ដាំផ្ញើ និងពាក្យសួរសុខទុករបស់ ឯកឧត្តម ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារ ដល់ជនជាប់ឃុំទាំងអស់ និងបានណែនាំបន្ថែមឲ្យជនជាប់ឃុំយកចិត្តទុកដាក់គោរពវិន័យសណ្ដាប់ធ្នាប់ បទបញ្ជារបស់ពន្ធនាគារ កុំបង្កបញ្ហានាំឲ្យកើតបទល្មើសថ្មីមួយទៀត យកចិត្តទុកដាក់ថែទាំសុខភាពផ្ទាល់ខ្លួន យកចិត្តទុកដាក់រៀនជំនាញវិជ្ជាជីវៈដើម្បីចេញទៅវិញប្រកបមុខរបរផ្គត់ផ្គង់គ្រួសារ និងចេះគោរពគ្នាទៅវិញទៅមក យោគយល់អ្នកជាប់ឃុំជាមួយគ្នា កែខ្លួនធ្វើជាមនុស្សល្អ ក្លាយជាបុគ្គលឆ្នើមជាមូលហេតុនាំឲ្យមានការបន្ធូរបន្ថយទោសរាល់បុណ្យជាតិម្ដងៗ និងរួចទោសឆាប់បានចូលទៅរួមរស់ក្នុងសង្គមវិញ៕
ដោយ ៖
រ៉ាស៊ី






