បាត់ដំបង ៖ ព្រឹកថ្ងៃទី០៣ ខែមិថុនា
ឆ្នាំ២០២៦នេះ ឯកឧត្តម សុខ លូ អភិបាលនៃគណៈ អភិបាលនៃគណៈអភិបាលខេត្ត
និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងបានចាត់ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តដឹកនាំដោយលោក
ផេង សិទ្ធី អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា
និងសហការី
បានអញ្ចើញជួបសំណេះសំណាលសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ចំនួន៤៧គ្រួសារនៅក្នុងស្រុកភ្នំព្រឹក។
ថ្លែងក្នុងឱកាសសំណេះសំណាលនាពេលនោះដែរ ក្នុងនាមឯកឧត្តម សុខ លូ លោក ផេង សិទ្ធី អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា
បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត
ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋដែលរងគ្រោះ
ដោយសេចក្តីនឹករលឹក និងការគិតគូរអំពីសុខទុក្ខប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង
និងបានសម្តែងនូវការសោកស្តាយជាខ្លាំងចំពោះការខូចខាតផ្ទះសម្បែងនិងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋនាពេលនេះ។
លោក ផេង សិទ្ធី បានគូសបញ្ជាក់ថា
កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជាប្រធាន
តែងតែឈរនៅលើគោលការណ៍មនុស្សធម៌ដោយ «មិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់រងគ្រោះដោយអត់បាយ
ឬគ្មានទីជម្រក ដោយសារតែអាជ្ញាធរមិនបានដឹង ឬមិនបានដោះស្រាយនោះឡើយ» ទោះបីជាស្ថិតក្នុងកាលៈទេសៈណាក៏ដោយ, ចំណែកអំណោយមនុស្សធម៌ជាស្បៀងអាហារ
សម្ភារៈប្រើប្រាស់ និងថវិកាត្រូវបាននាំយកមកចែកជូនក្នុងថ្ងៃនេះ
បានជួយសម្រាលនូវការលំបាកចំពោះមុខ
និងផ្តល់ភាពកក់ក្តៅដល់ក្រុមគ្រួសាររងគ្រោះទាំងអស់។
ជាមួយគ្នានេះ លោក ផេង សិទ្ធី
ក៏មានមតិផ្តាំផ្ញើរដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះអាកាសធាតុ
ដែលមានការប្រែប្រួលជាយថាហេតុ ជាពិសេសនៅក្នុងអំឡុងពេលត្រៀមចូលនិងនៅក្នុងរដូវវស្សា
ពិសេសការពារសុវត្ថិភាពសមាជិកគ្រួសារ និងកុមារតូចៗ
ហើយនៅពេលមានភ្លៀងខ្យល់ខ្លាំងត្រូវណែនាំកូនចៅឱ្យនៅក្នុងផ្ទះ
ឬរកជម្រកដែលមានសុវត្ថិភាពខ្ពស់ ចៀសវាងការជ្រកក្រោមដើមឈើធំៗ និងត្រូវបិទទូរស័ព្ទដៃ
ឬឧបករណ៍អគ្គិសនី ដែលអាចបង្ករគ្រោះថ្នាក់ដោយសាររន្ទះបាញ់ និងត្រូវរស់នៅមានអនាម័យ
ផឹកទឹកឆ្អិន ឬទឹកស្អាត ដើម្បីការពារជំងឺដង្កាត់ផ្សេងៗ
ឬការប្រែប្រួលអាកាសធាតុភ្លាមៗ ។
សូមបញ្ជាក់ថា អំណោយដែលបានចែកជូនក្នុង០១គ្រួសារទទួលបាន៖ អង្ករ ២៥Kg
,មី១កេស ,ទឹកបរិសុទ្ធ១កេស, ទឹកស៊ីអ៊ីវ០៦ដប ,ទឹកត្រី១ដប,ត្រីខ ១០កំប៉ុង ឃីត១កញ្ចប់និងថវិកាមួយចំនួន
ដោយឡែកគ្រួសាររងគ្រោះរលំទាំងស្រុកទទួលបានបន្ថែមកៅស៊ូតង់ ០១ ផងដែរ ៕
ដោយ ៖ សាលី





