បាត់ដំបង ៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំពៅលូន ដឹកនាំដោយលោកអនុសេនីយ៍ឯក លាង សុខលី ជាមេបញ្ជាការ បានដឹកនាំកម្លាំងសហការជាមួយកម្លាំងវរៈសេនាតូចលេខ ៥៥១ ចុះអន្តរាគមន៍ និងឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ខណៈកំពុងធ្វើសកម្មភាពជីកកកាយរករ៉ែមាសដោយខុសច្បាប់។
លោកអនុសេនីយ៍ឯក លាង សុខលី បានអោយដឹងថា កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ នៅចំណុចរណ្ដៅដីដ៏ធំមួយជាប់នឹងអូរព្រំដែនកម្ពុជា-ថៃ ស្ថិតក្នុងស្រុកសំពៅលូន ខេត្តបាត់ដំបង ដោយបានឃាត់ខ្លួនជនសង្ស័យ០២នាក់ ឈ្មោះ ជា ឋាន ភេទប្រុស អាយុ ៤០ ឆ្នាំ មានទីលំនៅភូមិបន្ទាយឆ្មា ឃុំបន្ទាយឆ្មា ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ និងឈ្មោះ រឹម វណ្ណដា ភេទប្រុស អាយុ ៣២ ឆ្នាំ មានទីលំនៅភូមិបេងស្អាត ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
ជាមួយកិច្ចប្រតិបត្តិការខាងលើនេះ សមត្ថកិច្ចបានដកហូតហូតវត្ថុតាងរួមមាន ៖ ម៉ាស៊ីនបូមទឹក០១គ្រឿង, ដួន ០១, ចបកាប់ ០១, កាធុនជ័រ ០១, កៅអី ០៣, ស្បៃ០១ និងប៉ែល ០១ បន្ទាប់មកទាំងវត្ថុតាងនិងជនសង្ស័យខាងលើត្រូវបានបញ្ជូនទៅកាន់មូលដ្ឋានកងរាជអាវុធហត្ថស្រុកសំពៅលូន ដើម្បីធ្វើការអប់រំណែនាំ និងអនុវត្តតាមនីតិវិធី ៕
ដោយ ៖ សាលី






