អភិបាលស្រុកឆែប បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ចុះពិនិត្យទីតាំង និងស្វែងរកបទល្មើស Scam Online នៅតំបន់ជិតជុំវិញទឹកធ្លាក់ព្រះនិមិត្ត
សារព័ត៌មាន​ ខ្មែរពិត (www.sapormeankhmerpit.com.kh) Phone +85569690578 ។​ សូមអរគុណ...!

អភិបាលស្រុកឆែប បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ចុះពិនិត្យទីតាំង និងស្វែងរកបទល្មើស Scam Online នៅតំបន់ជិតជុំវិញទឹកធ្លាក់ព្រះនិមិត្ត

ព្រះវិហារ ៖ លោក​ ឃិត​ សុធារ៉ា អភិបាលស្រុកឆែប នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ចុះពិនិត្យទីតាំង និងស្វែងរកបទល្មើស Scam Online នៅតំបន់ជិតជុំវិញទឹកធ្លាក់ព្រះនិមិត្ត ព្រំដែនកម្ពុជា-ឡាវ បន្ទាប់ពីមានប្រជាពលរដ្ឋរាយការណ៍អំពីសកម្មភាពគួរឲ្យសង្ស័យនៅក្នុងមូលដ្ឋាន។

 

ប្រតិបត្តិការនេះ ធ្វើឡើងបន្ទាប់ពីទទួលបានបទបញ្ជាផ្ទាល់ពី ឯកឧត្តម គីម​ រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ ដើម្បីពង្រឹងការត្រួតពិនិត្យ និងបង្ក្រាបបទល្មើស Scam Online នៅតាមតំបន់ព្រំដែន និងទីតាំងសង្ស័យនានា ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ។

 

បើតាមរដ្ឋបាលស្រុកឆែប កម្លាំងចម្រុះបានចុះពិនិត្យយ៉ាងម៉ត់ចត់នៅតំបន់ជិតជុំវិញទឹកធ្លាក់ព្រះនិមិត្ត  ព្រំដែនកម្ពុជា-ឡាវ បន្ទាប់ពីមានព័ត៌មានថា អាចមានក្រុមជនបរទេស ឬជនជាតិចិន លាក់ខ្លួន និងប្រព្រឹត្តសកម្មភាពពាក់ព័ន្ធ Scam Online នៅក្នុងតំបន់នោះ។ ទោះជាយ៉ាងណា ជាលទ្ធផលនៃការចុះត្រួតពិនិត្យ មិនបានរកឃើញវត្តមានក្រុមជនបរទេស ឬជនជាតិចិនពួនសំងំលាក់ខ្លួននៅក្នុងភូមិសាស្ត្រខាងលើនោះទេ។

 

ថ្លែងប្រាប់អ្នកសារព័ត៌មាន លោក​ ឃិត​ សុធារ៉ា អភិបាលស្រុកឆែប បានបញ្ជាក់ថា អាជ្ញាធរមូលដ្ឋាននៅតែបន្តអនុវត្តវិធានការតាមដាន ស្រាវជ្រាវ និងបង្ក្រាបបទល្មើស Scam Online ជាបន្តបន្ទាប់ ដោយមិនមានការយោគយល់ ឬអនុគ្រោះចំពោះសកម្មភាពខុសច្បាប់ណាមួយឡើយ នៅក្នុងដែនសមត្ថកិច្ចដែលខ្លួនកំពុងគ្រប់គ្រង។ លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ឲ្យចូលរួមសហការជាមួយអាជ្ញាធរ ដោយរាយការណ៍ និងផ្តល់ព័ត៌មានជាបន្ទាន់ ប្រសិនបើប្រទះឃើញក្រុមជនសង្ស័យ ឬសកម្មភាពពាក់ព័ន្ធនឹងបទល្មើស Scam Online ដើម្បីឲ្យសមត្ថកិច្ចអាចចាត់វិធានការបានទាន់ពេលវេលា។

 

ការចុះត្រួតពិនិត្យនេះ ធ្វើឡើងស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជា កំពុងបង្កើនការបង្ក្រាបបទល្មើស Scam Online នៅទូទាំងប្រទេស ជាពិសេសនៅតាមតំបន់ព្រំដែន និងទីតាំងដែលអាចជាកន្លែងលាក់ខ្លួនរបស់ក្រុមឧក្រិដ្ឋជនអនឡាញ ៕






ដោយ ៖ រ៉ាស៊ី


Post a Comment (0)
Previous Post Next Post