បន្ទាយមានជ័យ ៖ ឯកឧត្តម កែវ វណ្ណថន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងប្រតិភូអមដំណើរ អញ្ជើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ស្តីពីការបន្តនិរន្តរភាពយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ជូនដល់អង្គភាព ពិសេសសមត្ដកិច្ចពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ ប្រារព្ធធ្វើឡើងនៅសាលប្រជុំ ក សាលាខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦។
យោងតាមរបាយការណ៍សង្ខេបរបស់លោកឧត្តមសេនីយ៍ត្រី អេង
លីហួរ ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា យុទ្ធនាការបង្ក្រាប Online
Scams នៅក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ចាប់ពីថ្ងៃទី១៨
ខែមករា រហូតដល់ថ្ងៃទី០៦ខែឧសភា គឺបង្ក្រាបបានចំនួន១៥ទីតាំង
មានជនបរទេសសរុបចំនួន៤៦៥៦នាក់ មាន១១សញ្ជាតិ(ជនជាតិចិនច្រេីនជាងគេ)
ក្នុងនោះក៏មានជនជាតិថៃ៦៣៥នាក់ត្រូវបានបញ្ជូនទៅកាន់ប្រទេសថៃវិញផងដែរតាមច្រកអន្តរជាតិប៉ោយប៉ែតកាលពីពេលកន្លងទៅ។
ពាក់ព័ន្ធការបង្ក្រាបបទល្មេីសឆរបោកតាមប្រព័ន្ធបច្ចេកវិទ្យា
ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត បញ្ជាក់ថា
រដ្ឋបាលខេត្តបានចេញលិខិតបិទទីតាំងទាំងស្រុង ចំពោះទីតាំងដែលបានរកឃើញថា
បានប្រព្រឹត្តបទល្មើស និងសង្ស័យថាមានការប្រព្រឹត្តបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា
(ONLINE SCAMS)។ ណែនាំ និងជំរុញឱ្យសហការអនុវត្តការចុះបង្រ្កាបទីតាំងប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
(Online Scams) ធ្វើការឃាត់ខ្លួនជនល្មើស
និងបញ្ជូនទៅស្ថាប័ន/អង្គភាពពាក់ព័ន្ធតាមនីតិវិធី។
និងបានការសហការជិតស្និទ្ធជាមួយកម្លាំងអគ្គស្នងការនគរបាលជាតិ
ដោយមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត
ក្នុងការចុះត្រួតពិនិត្យទីតាំងពាក់ព័ន្ធលួចលាក់ប្រព្រឹត្តបទល្មើសអនឡាញនៅគ្រប់ទីតាំងទាំងអស់ក្នុងខេត្ត
ជាពិសេស តំបន់ប៉ោយប៉ែត។
ក្នុងឱកាសនោះឯកឧត្តម កែវ វណ្ណថន បានលើកឡើងថា បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
គឺជាបញ្ហាស្មុគស្មាញសម្រាប់ពិភពលោកដែលយើងទាំងអស់គ្នារួមគ្នាក្នុងការដោះស្រាយ
បង្ក្រាបឱ្យបានដើម្បីថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់សង្គមនៅក្នុងប្រទេសកម្ពុជា។ ឯកឧត្ដម
បន្តថា បច្ចុប្បន្នបទល្មើសនេះ
បានក្លាយជាបទល្មើសសកលមួយដែលបាននិងកំពុងគំរាមកំហែងដល់សន្តិសុខនៅក្នុងតំបន់និងសកលលោក
ដែលបានធ្វើឱ្យខូចខាតបាត់បង់ផ្នែកហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរ។
ជាមួយគ្នានោះឯកឧត្តម ក៏បានផ្ដល់អនុសាសន៍សង្កត់ធ្ងន់ទៅដល់អាជ្ញាធរខេត្ត ស្រុក-ក្រុង ពិសេសកងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវរួមសហការគ្នាធ្វើការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ឱ្យដកឫសគល់ ដោយក្រុមនេះបានបំបែកខ្លួនពីក្រុមធំ មកជាក្រុមតូចៗដែលជាការប្រមូលផ្ដុំបង្កើនសកម្មភាពនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីការពារកិត្តិយស ផលប្រយោជន៍ជាតិ ផល ប្រយោជន៍ប្រជាពលរដ្ឋ សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈសង្គម បង្កើតបរិយាកាសសង្គមឱ្យកាន់តែល្អប្រសើរ សម្រាប់ការអភិវឌ្ឍលើគ្រប់វិស័យ៕













