ប៉ៃលិន ៖ ក្រុមប្រឹក្សាខេត្តប៉ៃលិន កាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦ បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៤ អាណត្តិទី៤ របស់ខ្លួន ស្ថិតក្រោមអធិបតីភាពលោក ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត និងលោកស្រីបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន ព្រមទាំងមានការចូលរួមពីសំណាក់សមាជិកក្រុម ប្រឹក្សាខេត្ត, គណៈអភិបាលខេត្ត នាយក នាយករងរដ្ឋបាលខេត្ត នាយកទីចាត់ការ លោក-លោកស្រី ប្រធានមន្ទីរអង្គភាព ស្ថាប័នជុំវិញខេត្ត និងអាជ្ញាធរក្រុង-ស្រុក ជាច្រើននាក់ផងដែរ។
ក្នុងកិច្ចប្រជុំនេះមានរបៀបវារៈដូចជា ៖ ១.ពិនិត្យ
និងអនុម័តសេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី ២៣
របស់ក្រុមប្រឹក្សាខេត្តប៉ៃលិន អាណត្តិទី៤, ២.ពិនិត្យ
និងអនុម័តសេចក្តីព្រាងរបាយការណ៍ ស្តីពីការអនុវត្តការងារ ប្រចាំខែមេសា ឆ្នាំ២០២៦
និងទិសដៅការងារបន្ត របស់រដ្ឋបាលខេត្តប៉ៃលិន, និង
៣.បញ្ហាផ្សេងៗ។
ក្រោយពីបានស្តាប់ការលើកឡើងពីរបៀបវារៈ និងបញ្ហាសំខាន់ៗក្នុងកិច្ចប្រជុំរួចមកអភិបាលខេត្តប៉ៃលិន
បានមានប្រសាសន៍ក្រើនរំលឹកមន្ទីរជំនាញស្ថាប័នជុំវិញខេត្ត និងអាជ្ញាធរ ក្រុង/ ស្រុក
ត្រូវមើលឡើងវិញ នូវរាល់បញ្ហានាពេលកន្លងមក មិនត្រូវទុកចោលនោះទេ
គឺត្រូវដោះស្រាយជូនពលរដ្ឋឱ្យ បានទាន់ពេលវេលា ជាពិសេសត្រូវយកចិត្តទុក្ខដាក់ខ្ពស់ចំពោះសុខទុក្ខ
និងជីវភាពរស់នៅរបស់បងប្អូនពលករ ដែលទើប វិល ត្រឡប់មកពីប្រទេសថៃ
ព្រមទាំងសហការគ្នាជួយសម្របសម្រួលរកការងារជូនពួកគាត់ផងដែរ។
លោកស្រីបណ្ឌិតអភិបាលខេត្ត បានមានប្រសាសន៍កោតសរសើរ
ដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំង ប្រដាប់ អាវុធទាំង ៣ប្រភេទ
ដែលកន្លងមកបានសហការគ្នាធ្វើការងារ តាមតួរនាទីភារៈកិច្ច ប្រកបដោយការទទួលខុស
ត្រូវខ្ពស់ជាពិសេសបានចូលរួមក្នុងការការពារបូរណៈភាពទឹកដី, ថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ, ការបម្រើ
សេវាសាធារណៈនានាបានល្អប្រសើ និងបានកសាងសមិទ្ធផលនានា
នៅតាមមូលដ្ឋានឱ្យលេចឡើងជារូបរាង ដែលជា ការរួមចំណែកឲ្យខេត្តប៉ៃលិន
យើងមានភាពរីកចម្រើន ស្របតាមគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា
ដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
មានប្រសាសន៍បូកសរុបក្នុងកិច្ចប្រជុំលោក ជា ចាន់ឌិន
ប្រធានក្រុមប្រឹក្សាខេត្តប៉ៃលិន បានមានប្រសាសន៍ កោតសរសើរ និងវាយតម្លៃខ្ពស់
ចំពោះរដ្ឋបាលខេត្តប៉ៃលិន ដែលមានលោកជំទាវបណ្ឌិត បាន ស្រីមុំ ជាអភិបាលខេត្ត
បានខិតខំប្រឹងប្រែងធ្វើការដោះស្រាយនូវរាល់បញ្ហានានា ជូនដល់ប្រជាពលរដ្ឋ
និងការអនុវត្តនូវគោលនយោបាយភូមិ/ឃុំ មានសុវត្តិភាព នៅតាមមូលដ្ឋានប្រកបដោយប្រសិទ្ធិភាពខ្ពស់
និងបានធ្វើការអភិវឌ្ឍខេត្ត ឱ្យមានការរីកចំរើនជាបន្ត បន្ទាប់គួរជាទីមោទន
ដែលធ្វើអោយភ្ញៀវជាតិ និងអន្តរជាតិមកកំសាន្ត មានការស្ងើចសសើរមិនដាច់ពីមាត់ ចំពោះការ
កែប្រែមុខមាត់ថ្មី របស់ខេត្តប៉ៃលិន
ជាពិសេសបានជួយសម្របសម្រួលដោះស្រាយបញ្ហាជូនប្រជាពលករ ដែលវិញត្រឡប់ មកពីប្រទេសថៃ
តាមច្រកទ្វារព្រំដែនអន្តរជាតិព្រំ
និងបានស្វះស្វែងទំនាក់ទំនងជាមួយក្រុមហ៊ុនរកការងារជូនបងប្អូន ពលករទាំងនោះផងដែរ។
នៅក្នុងឱកាសនោះផងដែរ ប្រធានក្រុមប្រឹក្សា ក៍បានមានប្រសាសន៍ផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ ទាំងអស់ ត្រូវបន្តខិតខំបន្ថែមទៀត ក្នុងន័យបម្រើដល់ផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ដោយត្រូវយក ចិត្តទុកដាក់ខ្ពស់ទៅលើការដោះស្រាយបញ្ហាប្រឈមនានា ក៍ដូចជាបំរើ សេវាសាធារណៈជូនប្រជាពលរដ្ឋ ឱ្យបានឆាប់ រហ័សទាន់សភាពការណ៍ និងមានប្រសិទ្ធភាពខ្ពស់ ស្របទៅនឹងគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាល ទី១ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ នេះ ៕










