បន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃទី២០
ខែឧសភា ឆ្នាំ២០២៦ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានប្រារព្ធខួបលើកទី៩ “ទិវាជាតិនៃការចងចាំ”
ថ្ងៃទី២០ ខែឧសភា ដើម្បីរំឭកដល់ជនរងគ្រោះ និងរំឭកអំពីការឈឺចាប់នៃឧក្រិដ្ឋកម្ម
ដែលកើតមានក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ។
ពិធីប្រារព្ធធ្វើក្រោមអធិបតីភាពឯកឧត្តម
អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្ដម ប្លែក វ៉ារី
ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ
ព្រះសង្ឃ ប្រជាពលរដ្ឋ តាជីយាយជី សិស្ស និស្សិត ចូលរួមយ៉ាងច្រើនកុះករប្រារព្ធធ្វើនៅបរិវេណវត្តសុភមង្គល
ក្នុងសង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
ឯកឧត្ដម អ៊ុំ រាត្រី បានអានសារលិខិតរបស់សម្តេចមហាបវរធិបតី
ហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ កម្ពុជា ដោយបានបញ្ជាក់ថា
រាជរដ្ឋាភិបាលបានកំណត់យកថ្ងៃទី២០ ខែឧសភា ជា “ទិវាជាតិនៃការចងចាំ” សម្រាប់រំឭកដល់ជនរងគ្រោះ
និងរំឭកអំពីការឈឺចាប់នៃឧក្រិដ្ឋកម្ម ដែលកើតមានក្នុងរបបកម្ពុជាប្រជាធិបតេយ្យ
ចន្លោះពីថ្ងៃទី១៧ ខែមេសា ឆ្នាំ ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩
ដើម្បីលើកតម្កើងការគោរពវិញ្ញាណក្ខន្ធ និងការធ្វើបុណ្យឧទ្ទិសដល់ជនរងគ្រោះ
ដែលបានស្លាប់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ, លើកតម្កើងការរំឭកដល់ជនរងគ្រោះ
ការស្តារកិត្តិយសនិងសេចក្តីថ្លៃថ្នូរ របស់ជនរងគ្រោះ ទោះជានៅរស់រានមានជីវិត ឬបានបាត់បង់ជីវិតក៏ដោយ,
ប៉ះប៉ូវការឈឺចាប់ខាងផ្លូវចិត្តនិងផ្នែកសង្គម
របស់ជនរងគ្រោះនិងក្រុមគ្រួសារ, ចូលរួមចំណែកដល់ការផ្សះផ្សាជាតិ
និងជំរុញឱ្យមានសុខដុមនីយកម្មក្នុងសង្គមកម្ពុជា, និងលើកកម្ពស់ការផ្សព្វផ្សាយ
និងការយល់ដឹងអំពីអំពើឃោរឃៅដែលកើតមានក្នុងរបបកម្ពុជាប្រជាធិបតេយ្យ
កុំឱ្យកើតមានឡើងសាជាថ្មី
ហើយប្រជាពលរដ្ឋគ្រប់រូបត្រូវបានផ្តល់ឱកាសឱ្យរៀបចំពិធីតាមជំនឿ សាសនា
ឬទំនៀមទម្លាប់របស់ខ្លួន។
នៅក្នុងឱកាសនោះដែរថាដឹកនាំមន្ត្រីរាជការ ក៏បាននិមន្តព្រះសង្ឃសូត្រមន្តបង្សុកូល ឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខន្ធជនរងគ្រោះ នៃឧក្រិដ្ឋកម្ម ដែលកើតមានក្នុងរបបកម្ពុជាប្រជាធិបតេយ្យ និងគោរពដួងវិញ្ញាណក្ខន្ធវីរៈកងទ័ពដែលបានពលីក្នុងសមរភូមិ ប្រយុទ្ធតតាំងជាមួយនឹងសត្រូវឈ្លានពានទឹកដីកម្ពុជានៅតាមបន្ទាត់ព្រំដែនកម្ពុជាថៃ ព្រមទាំង រាប់បាត្រព្រះសង្ឃជាង១០០អង្គផងដែរ ៕












