បាត់ដំបង ៖ នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦
ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ
អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងទិវាជាតិនៃការចងចាំ ២០ ឧសភា
ដើម្បីរំលឹកដល់វិញ្ញាណក្ខន្ធជនរងគ្រោះជាង ៣លាននាក់។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ សូមឧទ្ទិសដួងវិញ្ញាណក្ខន្ធបងប្អូនជនរួមជាតិ
ព្រះសង្ឃ វីរជនស្នេហាជាតិ កម្មាភិបាល យុទ្ធជន
យុទ្ធនារីកម្ពុជាដែលបាត់បង់ជីវិតដោយអំពើអយុត្តិធម៌ក្នុងរបបយង់ឃ្នងប្រល័យ
ពូជសាសន៍ប៉ុលពត សូមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាត
និងសូមឧទ្ទិសទិវាជាតិនៃការចងចាំនេះសូមឱ្យជាតិមាតុភូមិកម្ពុជាប្រកបដោយសុខសន្តិភាព
សាមគ្គីភាពជាតិ ឯកភាពជាតិ និងវឌ្ឍនភាពជាតិ សម្បូររុងរឿងថ្កុំថ្កើងជារៀងរហូត។
ឯកឧត្តមអភិបាលខេត្ត រំលេចបន្ថែមថា
រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ស្វាហាប់
និងឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានដាក់ចេញនូវ “យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១” ដើម្បីកំណើនការងារ
សមធម៌ ប្រសិទ្ធភាព និងចីរភាពដោយបានកំណត់យកអាទិភាពគន្លឹះគឺ មនុស្ស ផ្លូវ ទឹក ភ្លើង
និងបច្ចេកវិទ្យា ព្រមទាំងបានកំណត់ដាក់ចេញនូវគោលដៅយុទ្ធសាស្ត្រជាក់លាក់តាមបណ្តាវិស័យផងដែរ
ពីបច្ចុប្បន្នដល់អនាគត យើងមានក្តីសង្ឃឹមជឿជាក់ដ៏មុតមាំថា
មាតុភូមិកម្ពុជានឹងបន្តឈានទៅសម្បូរថ្កុំថ្កើង រុងរឿង
ប្រជាពលរដ្ឋរស់នៅក្នុងភាពសុខដុមរមនា សុភមង្គល និងវឌ្ឍភាព។
ឯកឧត្តម សុខ លូ គូសបញ្ជាក់ថា
ប្រទេសកម្ពុជាបានឆ្លងកាត់សង្រ្គាមឆ្អែតឆ្អន់ហើយរាជរដ្ឋាភិបាលមិនចង់បានឡើយនូវសង្រ្គាមបង្ហូរឈាមទៀតនោះទេ
ដូច្នេះរាជរដ្ឋាភិបាលបានបង្ហាញឆន្ទៈពិតប្រាកដក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយភាគីថៃដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិដើម្បីបញ្ចៀសសង្រ្គាម
និងមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែបន្ទាត់ព្រំដែនដែលកើតចេញពីការប្រើប្រាស់កម្លាំង។
ក្នុងកាលៈទេសៈប្រទេសកម្ពុជាទទួលរងការឈ្លានពានពីភាគីថៃ
ឯកឧត្តម
បានក្រើនរំឭកដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូបត្រូវប្រែក្លាយការឈឺចាប់ទៅជាកម្លាំងស្នេហាជាតិ
ត្រូវបន្តមានស្មារតីជាតិនិយម បន្តចូលរួមគាំទ្រផលិតផលខ្មែរ
រួបរួមសាមគ្គីគ្នាជាមួយធ្លុងមួយគាំទ្រ និងជឿជាក់លើការដឹកនាំរបស់សម្ដេចមហាបវរធិបតី
ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
ជាមួយគ្នានេះ ឯកឧត្តម សុខ លូ បានអំពាវនាវដល់ព្រះសង្ឃ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និស្សិត គរុនិស្សិត-សិស្ស សិស្សានុសិស្ស យុវជន និងបងប្អូនប្រជាពលរដ្ឋសូមចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយដែលបង្កគ្រោះថ្នាក់ដល់សង្គមជាតិ ៕
ដោយ ៖ សាលី











