បន្ទាយមានជ័យ ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ បានបើកកិច្ចប្រជុំ ត្រៀមរៀបចំគម្រោងកែលម្អក្នុងក្រុងសិរីសោភ័ណ ឆ្នាំ២០២៧ ដោយគ្រោងរៀបចំក្រាលការ៉ូឡាធ្វើផ្លូវថ្មើរជើង តាមសងខាងផ្លូវសំខាន់ៗ ចំនួន ៦ខ្សែ របស់ក្រុងសិរីសោភ័ណ ទីរួមខេត្តបន្ទាយមានជ័យ ។
ចំពោះគម្រោងកែលម្អក្រុងគ្រោងនឹងចាប់ផ្តើមអនុវត្តន៍ នៅឆ្នាំ២០២៧ខាងមុខ មានផ្លូវដែលនឹងត្រូវរៀបចំក្រាលការ៉ូឡាធ្វើផ្លូវដើរ ចំនួន៦ខ្សែ រួមមាន ៖ ១-ផ្លូវពីភ្លើងស្តុបសួនម្ទេសក្រហម ដល់ផ្លូវកែងជាប់សាលាក្រុង ប្រវែង២៣៥៣ម៉ែត្រ, ២-ផ្លូវកែងជាប់សាលាក្រុង ដល់ផ្លូវបេតុងជាប់របងសាលារៀនពង្រ ប្រវែង១៣៥៦ម៉ែត្រ, ៣-ផ្លូវពីស្ពានទី២ (ផ្លូវជាតិលេខ៦) ដល់ស្ពានទឹកថ្លា ប្រវែង៨២៥០ម៉ែត្រ, ៤-ផ្លូវពីរង្វង់មូលដៃ៣២(ផ្លូវជាតិលេខ៥) ដល់រង្វង់មូលស្រីគ្រប់ល័ក្ខ ប្រវែង៧៨៨ម៉ែត្រ, ៥-ផ្លូវពីរង្វង់មូលស្រីគ្រប់ល័ក្ខ (ផ្លូវជាតិលេខ៥) ដល់ផ្លូវរទេះភ្លើង ប្រវែង៦២៤ម៉ែត្រ, ៦-ផ្លូវពីរង្វង់មូលស្រីគ្រប់ល័ក្ខ (ផ្លូវជាតិលេខ៦) ដល់ផ្លូវខាងមុខសណ្ឋាគារណាសារ ប្រវែង៩៤១ម៉ែត្រ ។
ដើម្បីឱ្យគម្រោងសម្រេចបានជោគជ័យ អនុវត្តនៅឆ្នាំ២០២៧ខាងមុខឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានធ្វើការណែនាំដល់អាជ្ញាធរក្រុងសិរីសោភ័ណ ក៏ដូចជាសង្កាត់ពាក់ព័ន្ធទាំង៤នៅក្នុងក្រុង ត្រូវរៀបចំក្រុមការងារធ្វើការសិក្សាវាយតម្លៃទៅលើគម្រោងឱ្យបានល្អិតល្អន សិក្សាពីផលប៉ះពាល់នៃការអភិវឌ្ឍគម្រោង ក្នុងការសម្របសម្រួលដោះស្រាយ សុំឱ្យបងប្អូនប្រជាពលរដ្ឋចូលរួមទាំងអស់គ្នាដើម្បីកែលម្អសោភ័ណ្ឌភាពក្រុងកាន់តែមានភាពស្រស់ស្អាត និងមានភាពបៃតង ក្នុងគោលបំណងលើកម្ពស់មុខមាត់ក្រុង ជាពិសេសខេត្តបន្ទាយមានជ័យតែម្តង ៕







