បន្ទាយមានជ័យ ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ
នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ ២០២៦ បានបើកកិច្ចប្រជុំពិនិត្យ
និងអនុម័តលើសេចក្តីព្រាងផែនការប្រើប្រាស់ដី ឃុំព្រះនេត្រព្រះ និងឃុំជប់វារី
ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។
ផែនការប្រើប្រាស់ដី ឃុំឃុំទាំងពីរ មានគោលដៅ ៖
១-ធ្វើឱ្យសម្រេចបានតាមសេចក្តីត្រូវការរបស់រាជរដ្ឋាភិបាល ស្តីពីគោលនយោបាយដីធ្លី,
២-ធានាបាននូវការគ្រប់គ្រង ប្រើប្រាស់ដី
និងធនធានធម្មជាតិប្រកបដោយប្រសិទ្ធភាព និងចីរភាព ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច
សង្គមកិច្ច ប្រកបដោយសមធម៌, ៣-ធានានូវការលើកកម្ពស់ការអនុវត្តគោលនយោបាយវិមជ្ឈការ
និងវិសហមជ្ឈការរដ្ឋបាល និងរចនា សម្ព័ន្ធអភិបាលកិច្ច, ៦-ចក្ខុវិស័យនាពេលអនាគត
សម្រាប់ឃុំទាំងពីរនេះក៏មានចក្ខុវិស័យនាពេលអនាគតដូចគ្នាដែរតឺ ៖ ប្រែក្លាយជាទិសដៅទេសចរណ៍វប្បធម៌
ធម្មជាតិ ដែលផ្សាភ្ជាប់នឹងប្រព័ន្ធកសិកម្មចម្រុះ និងសិប្បកម្ម លក្ខណៈគ្រួសារ ,
ដើរតួនាទីជាកន្លែងផ្តល់សេវាកម្មចម្រុះ
និងផ្គត់ផ្គង់ទិន្នផលស្រូវអង្ករទៅកាន់តំបន់ជុំវិញ, អភិវឌ្ឍន៍ទៅជាភូមិឋានក្សេមក្សាន្ត
និងទ្រនំសុភមង្គល មានហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងសេវាសាធារណៈល្អប្រសើរ, រៀបចំស្តារ និងកសាងហេដ្ឋារចនាសម្ព័ន្ធ
ដើម្បីឱ្យឃុំមានការរីកចំរើនលើគ្រប់វិស័យ, គិតគូរពីតម្រូវការចាំបាច់
និងចម្បង ដើម្បីឱ្យស្របតាម គោលនយោបាយរបស់រាជរដ្ឋាភិបាល និងការអភិវឌ្ឍនាពេលអនាគត,
មានបរិស្ថានរស់នៅស្អាត វប្បធម៌រស់រវើក សុខសុវត្ថិភាព
និងប្រជាពលរដ្ឋមានជីវភាពធូធារ ។
ក្នុងឱកាសនោះឯកឧត្តម អ៊ុំ រាត្រី បានមានប្រសាសន៍ណែនាំ ដល់អាជ្ញាធរស្រុក ក៏ដូចជាឃុំទាំង២ ត្រូវរៀបចំសោភ័ណ្ឌភាពឃុំឱ្យមានភាពទាក់ទាញ និងមានភាពបៃតង ជាពិសេសការរៀបចំទុកដាក់សំរាម គឺជារឿងសំខាន់ យើងត្រូវយកចិត្តទុក ដោយត្រូវមានការរៀបចំទីតាំងទុកដាក់សំរាមឱ្យបានល្អត្រឹមត្រូវ ។ រៀបចំទីតាំងរម្មណីដ្ឋានដែលមានស្រាប់ ដើម្បីទាកទាញភ្ញៀវទេសចរណ៍ ចូលមកទស្សនា បង្កើនប្រាក់ចំណូលរបស់ប្រជាជននៅក្នុងសហគមន៍ ៕








