កំពង់ស្ពឺ ៖ យ៉ាងហោចណាស់ម៉ូតូ១០គ្រឿង ត្រូវបានរងការខូចខាតធ្ងន់ធ្ងរ
ក្រោយរថយន្តពីរគ្រឿងបានបុកគ្នានៅលើកំណាត់ផ្លូវជាតិលេខ៤១ចន្លោះគីឡូម៉ែត្រលេខ១៧-១៨
ត្រង់ចំណុចភូមិត្រាវ ឃុំទឹកល្អក់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ថ្ងៃទី២៨ ឆ្នាំ២០២៦។
សមត្ថកិច្ចនិយាយថា នៅមុនពេលកើតហេតុគឺមានរថយន្តមួយគ្រឿងម៉ាកFORD
RANGER XLT ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BN-2460 បើកបរដោយឈ្មោះ អ៊ូក ចិនស៊ីញ (ជនជាតិចិន) ភេទប្រុស អាយុ៤៧ឆ្នាំ
ស្នាក់នៅក្នុងរោងចក្រ ស្ថិតក្នុងភូមិខ្លែងពណ៌ខាងត្បូង ឃុំព្រៃញាតិ ស្រុកគងពិសី
ខេត្តកំពង់ស្ពឺ បើកបរមកពីកើតបានឆ្លងផ្លូវទៅខាងលិច
ក៏ត្រូវបានរថយន្តមួយគ្រឿង ម៉ាកHYUNDAI MIGHTY ពាក់ផ្លាកលេខ
ភ្នំពេញ 3B-0373 បើកបរដោយឈ្មោះ សំ ង៉ែត ភេទប្រុស
អាយុ៣៩ឆ្នាំ រស់នៅភូមិបឹង ឃុំព្រះខែ ស្រុកបសេដ្ឋ ខេតកំពង់ស្ពឺ
បើកបរមកពីជើងទៅខាងត្បូងបានបុកពេញទំហឹង
រួចបានរេចង្កូតជ្រុលទៅបុកផ្ទះជួសជុលម៉ូតូដែលស្ថិតនៅក្បែរនោះ
បណ្តាលឱ្យម៉ូតូ១០គ្រឿងត្រូវបានកិនជាប់ពីក្រោមរថយន្ត
និងរថយន្តមួយគ្រឿងទៀតដែលចតចោលមុខផ្ទះក្បែរនោះម៉ាកស្តារិចត្រូវបានរងការខូចខាតធ្ងន់ធ្ងរ
រីឯជាងជួសជុលនិងម្ចាស់ដែលយកម៉ូតូមកធ្វើរត់ចែកជើងគ្នាទាំងព្រលឹងចុងសក់
តែមិនមាននរណាម្នាក់រងរបួសនោះទេ។
សមត្ថកិច្ចបញ្ជាក់បន្ថែមថា ករណីខាងលើ
បានបណ្ដាលឱ្យបុរសជាជនជាតិដែលបើកបររថយន្តFordឆ្លងផ្លូវរងរបួសស្រាល
រថយន្ត២គ្រឿងរងការខូចខាតធ្ងន់ ម៉ូតូ១០ គ្រឿងរងការខូចខាតធ្ងន់
និងរងការខូចខាតសំយ៉ាបតូបចំនួន ១ ផ្ទាំង។បច្ចុប្បន្ន
វត្ថុតាងទាំងអស់កំពុងរក្សានៅកន្លែងកើតហេតុ ដើម្បីទុកឱកាសឱ្យភាគីពាក់ព័ន្ធសម្របសម្រួលគ្នា
៕
ដោយ ៖ មាស សំអូន




