ទុរេនដាក់លក់នៅផ្សារ ភួ ពុយ មន្ត្រីជំនាញអះអាងថា មិនមែនជាទុរេននាំចូលពីថៃទេ
សារព័ត៌មាន​ ខ្មែរពិត (www.sapormeankhmerpit.com.kh) Phone +85569690578 ។​ សូមអរគុណ...!

ទុរេនដាក់លក់នៅផ្សារ ភួ ពុយ មន្ត្រីជំនាញអះអាងថា មិនមែនជាទុរេននាំចូលពីថៃទេ

បាត់ដំបង ៖ ក្រោយមានការផ្ទុះសារសំឡេងតាមបណ្តាញសង្គមហ្វេសប៊ុក ពាក់ព័ន្ធការនាំចូលផ្លែទុរេនពីស្រុកសៀម(ថៃ)មកលក់អោយបងប្អូនខ្មែរយើងហូប នៅព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៦នេះ មន្ត្រីជំនាញនៃមន្ទីរពាណិជ្ជកម្មខេត្ត សហការជាមួយមន្ត្រីជំនាញ កបប បានចុះពិនិត្យនិងសាកសួរព័ត៌មានពីអាជីវកចំនួន០៨នាក់ដែលកំពុងដាក់តាំងលក់ផ្លែទុរេន នៅក្នុងផ្សារ ភួ ពុយ ស្ថិតក្នុងភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ថាតើទុរេនទាំងអស់នេះប្រភពចេញមកពីណា។

 

ក្រោយបញ្ចប់ការពិនិត្យនិងសាកសួរព័ត៌មានពីអាជីវករជាក់ស្តែងរួចមក មន្ត្រីជំនាញ ( កបប )ខេត្តបាត់ដំបង បានបញ្ជាក់ថា ទុរេនទាំងអស់នេះ អាជីវករខ្លះយកមកពីផ្សារនាគមាស អាជីវករខ្លះថាយកមកពីផ្សារដើមគរ ដែលគេនាំមកពីចំការខាងខេត្តកំពង់ចាម មិនមែនជាទុរេននាំចូលពីថៃនោះទេ ប៉ុន្តែទោះជាយ៉ាងណាលោកនិងយកទៅដាក់នៅមន្ទីរពិសោធន៍ដើម្បីពិនិត្យរកមើលសារធាតុផ្សេងៗ។

 

ជាមួយគ្នានេះមន្ត្រី(កបប)ដដែលបានបញ្ជាក់ រយៈពេលកន្លងមកលោកតែងតែណែនាំទៅដល់អាជីវករទាំងអស់រាល់ការធ្វើអាជីវកម្មលក់ដូរជាមួយគ្នា ត្រូវតែមានវិក័យប័ត្រអោយបានច្បាស់លាស់ ទាំងអាស័យដ្ឋាន ទាំងលេខទូរស័ព្ទអ្នកលក់ ដើម្បីយើងងាយស្រួលស្វែងរកទំនាក់ទំនងគ្នារកប្រភពអោយបានជាក់លាក់ អោយបានទាន់ពេលវេលា។

 

ជាចុងក្រោយលោកទទូចទៅដល់បងប្អូនអាជីវករ ឥឡូវនេះជាគោលការណ៍រដ្ឋាភិបាលតែម្តង បន្លែផ្លែឈើ ប្រេងសាំងឥន្ធនៈ និងឧស្ម័ន ដែលមុខប្រភេទទាំងបីនេះគឺហាមឃាត់តែម្តង អញ្ចឹងហើយលោកសូមសំណូមពរទៅដល់អាជីវករទាំងអស់ សូមកុំនាំចូលបន្លែផ្លែឈើថៃយកមកលក់អោយសោះ ប្រសិនបើមានការនាំចូលរាល់ទំនិញដែលហាមឃាត់មកលក់ បើសិនជាមន្ត្រីជំនាញ កបប ឃើញនិងចាត់ការនីតិវិធីតាមផ្លូវច្បាប់ ៕






ដោយ ៖ សាលី


Post a Comment (0)
Previous Post Next Post