បាត់ដំបង ៖ នាថ្ងៃទី១៤ ខែឧសភា
ឆ្នាំ២០២៦ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្ត
និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តបាត់ដំបងបានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី១៩
ទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ១២ ឧសភា ២០២៦
នៅទីស្នាក់ការសមាគមស្ថិតក្នុងក្រុងបាត់ដំបង។
នាឱកាសនោះដែរ ឯកឧត្តម សុខ លូ
បាននាំយកប្រសាសន៍ផ្តាំផ្ញើពីសំណាក់នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ សម្តេចអគ្គមហាសេនាបតីតេជោ
ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា
និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា
ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះជីវភាពរស់នៅរបស់អតីតយុទ្ធជនដែលមានគុណបំណាច់ដ៏ធំធេងមិនអាចកាត់ថ្លៃបានសម្រាប់ជាតិមាតុភូមិ
និងប្រជាជនកម្ពុជា។
ឯកឧត្តម បានជំរុញលើកទឹកចិត្តដល់អាជ្ញាធរ កងកម្លាំង និងបណ្ដាមន្ទីរ
អង្គភាពពាក់ព័ន្ធត្រូវបន្តខិតខំយកចិត្តទុកដាក់ខ្ពស់ក្នុងការជួយដោះស្រាយចំពោះជីវភាព
សុខភាព និងបញ្ហាប្រឈមនានារបស់អតីតយុទ្ធជនឱ្យបានកាន់តែល្អប្រសើរ
ពីព្រោះសព្វថ្ងៃនេះសម្តេចតេជោ
បានជំរុញអោយមានការខិតខំកសាងផ្ទះជាបន្តបន្ទាប់ជូនអតីតយុទ្ធជន និងនិវត្តជន
គ្រប់នៅតាមបណ្តាស្រុក។
បន្ថែមពីនេះ ឯកឧត្តមបានណែនាំជម្រុញទៅដល់ប្រជាពលរដ្ឋ
ក៏ដូចជាអតីតយុទ្ធជន និងនិវត្តជនត្រូវចូលរួមអប់រំកូនចៅឱ្យខិតខំសិក្សារៀនសូត្រអោយមានចំណេះជំនាញខ្លាំងដើម្បីចូលរួមការពារប្រទេសជាតិ
និងត្រូវចៀសអោយឆ្ងាយពីគ្រឿងញៀន និងគោរពច្បាប់ចរាចរណ៍
ជាពិសេសត្រូវពហិការរាល់ទំនិញរបស់ថៃ បើយើងនៅគាំទ្ររបស់គេ
ដូចគាំទ្រអោយគេមកធ្វើបាបយើងអញ្ចឹង ដូច្នេះយើងត្រូវមានស្មាតីជាតិនិយម គាំទ្រផលិតផលខ្មែរ
៕
ដោយ ៖ សាលី






