បាត់ដំបង ៖ នៅថ្ងៃទី១៦ ខែឧសភា
ឆ្នាំ២០២៦ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង
បានអញ្ជើញជាអធិបតីក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន២១២៧បណ្ណជូនប្រជាពលរដ្ឋចំនួន២០៥៤គ្រួសារមកពីឃុំព្រៃចាស់
និងឃុំកោះជីវាំង ស្រុកឯកភ្នំ។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ គូសបញ្ជាក់ថា
រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
បន្តមកដល់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត
នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានយកចិត្តទុកដាក់ខ្លាំងណាស់ក្នុងការផ្ដល់បណ្ណកម្មសិទ្ធិដីធ្លីជូនដល់ប្រជាពលរដ្ឋ។
ឯកឧត្តម
ចាត់ទុកការផ្ដល់បណ្ណកម្មសិទ្ធិដីធ្លីជូនដល់ប្រជាពលរដ្ឋរស់នៅតំបន់បឹងទន្លេសាបគឺជាប្រវត្តិសាស្រ្តមិនធ្លាប់មានពីមុនមកនោះទេ
ដូច្នេះប្រជាពលរដ្ឋដែលទទួលបានបណ្ណកម្មសិទ្ធិសូមថែរក្សាបណ្ណឱ្យបានល្អ
និងមិនត្រូវលក់ដីនោះទេគួររក្សាទុកចែកតកូនតចៅព្រោះមនុស្សចេះតែកើតប៉ុន្តែដីធ្លីមិនកើតថ្មីទៀតនោះទេ។
ឯកឧត្តម បញ្ជាក់បន្ថែមថា សម្រាប់គ្រួសារក្រីក្រ
និងគ្រួសារងាយរងហានិភ័យដែលចេញដោយក្រសួងផែនការត្រូវបានលើកលែងចំពោះសេវាធ្វើបណ្ណកម្មសិទ្ធិដីធ្លី
ចំណែកគ្រួសារទូទៅត្រូវបង់សេវា១ម៉ែត្រការ៉េ៤រៀលសម្រាប់ដីកសិកម្ម
និង១ម៉ែត្រការ៉េ៣០រៀលសម្រាប់ដីសាងសង់
ហើយប្រជាពលរដ្ឋកុំរំលោភទន្ទ្រានកាន់កាប់ដីព្រៃលិចទឹក កុំកាប់បំផ្លាញព្រៃលិចទឹក
និងកុំនេសាទខុសច្បាប់ ត្រូវខិតខំដាំដុះបង្កបង្កេីនផល
និងចិញ្ចឹមសត្វដេីម្បីផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃបន្ថែម។
ឯកឧត្តម បានថ្លែងការកោតសរសើរដល់មន្រ្តីជំនាញ និងកងកម្លាំង
ព្រមទាំងណែនាំបន្ថែមឱ្យបន្តខិតខំថែរក្សាការពារធនធានធម្មជាតិ
និងព្រៃឈើលិចទឹកឱ្យបានគង់វង្ស និងសូមក្រើនរំឭកដល់ប្រជាពលរដ្ឋត្រូវអប់រំកូនចៅឱ្យចៀសឆ្ងាយពីគ្រឿងញៀន
និងចូលរួមប្រើប្រាស់កម្មវិធីទូរសព្ទដៃ «App NoDrug» ដែលជាមធ្យោបាយលឿនឆាប់រហ័ស
សុវត្ថិភាព និងរក្សាការសម្ងាត់១០០% ចំពោះអ្នករាយការណ៍ករណីគ្រឿងញៀន
ជាពិសេសត្រូវមានស្មារតីជាតិនិយមចូលរួមគាំទ្រផលិតផលខ្មែរ ពង្រឹងសាមគ្គីភាព
រួបរួមគ្នាជាធ្លុងមួយគាំទ្រ និងជឿជាក់លើការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន
ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
ប្រជាពលរដ្ឋទាំងអស់បានសម្ដែងអារម្មណ៍សប្បាយរីករាយ
និងសូមគោរពអរគុណ និងដឹងគុណជាទីបំផុតចំពោះ សម្តេចតេជោ និងសម្តេចធិបតី ដែលបានចង្អុលបង្ហាញឱ្យឆ្វៀលដីជូនពួកគាត់៕
ដោយ ៖ សាលី









