បាត់ដំបង ៖ នៅទី៦ ខែឧសភា ឆ្នាំ២០២៦នេះ ឯកឧត្តម សុខ លូ
អភិបាលនៃគណៈអភិបាលខេត្តនិងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងព្រមទាំងសហការីបានអញ្ចើញជួបសំណេះសំណាលសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌របស់សប្បុរសជនតាមរយៈសាខាកាកបាទក្រហមកម្ពុជា
ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ១៦៩គ្រួសារក្នុងស្រុកចំនួន៣
រួមមាន ៖ ស្រុកសំឡូត ,ស្រុកសំពៅលូន និងស្រុកបាណន់
នៃខេត្តបាត់ដំបង ។
ឯកឧត្តម សុខ លូ
បានផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ប្រធានកាកបាទក្រហមកម្ពុជាដែលជានិច្ចកាលសម្តេចតែងតែយកចិត្តទុកដាក់ខ្ពស់
ចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះគ្រប់រូប ដោយមិនប្រកាន់
វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។
និងបានសម្ដែងការសោកស្ដាយជាពន់ពេកចំពោះការខូចខាតផ្ទះសំបែង
ទ្រព្យសម្បត្តិរបស់បងប្អូនប្រជាពលរដ្ឋដែលនេះជាគ្រោះមហន្តរាយដោយធម្មជាតិ
គ្មាននរណាម្នាក់ចង់ជួបប្រទះឡើយ។ ហើយត្បិតតែអំណោយមនុស្សធម៌ដែលបាននាំយក
មកចែកជូនបងប្អូននាពេលនេះ មានចំនួនមិនសមល្មមនឹងការខាតបង់របស់បងប្អូន
តែក៏អាចជួយសម្រាលទុក្ខលំបាករបស់បងប្អូនបានមួយគ្រាផងដែរពោលគឺទីណាមានការលំបាកទីនោះមានកាកបាទក្រហមកម្ពុជា
។
ជាមួយគ្នានេះឯកឧត្តមបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់
សូមមានការប្រុងប្រយ័ត្នចំពោះ ផ្គរ រន្ទះ នៅពេលមានភ្លៀងត្រូវបិទទូរទស្សន៍
បិទទូរស័ព្ទ និងស្វែងរកកន្លែងដែលមានសុវត្ថិភាពជាពិសេស
សូមមេត្តាថែទាំសុខភាពឱ្យបានល្អ ពិសេសកូនចៅតូចៗត្រូវប្រុងប្រយ័ត្នខ្លាចក្រែងជួបវិបត្តិផ្សេងៗ
ហើយបើឃើញភាពមិនស្រួលចំពោះសុខភាពត្រូវប្រញាប់ទៅមណ្ឌលសុខភាពឬមន្ទីរពេទ្យដែលនៅជិតបំផុត
ដើម្បីអាចពិគ្រោះ ឬព្យាបាលបានទាន់ពេលវេលា ។
សូមបញ្ជាក់ថា គ្រួសារនីមួយៗទទួលបានអំណោយរួមមាន៖ ,អង្ករ ២៥គីឡូក្រាម ,មី ០១កេស ,ទឹកត្រី០១យួរ ,ទឹកស៊ីអ៉ីវ០១យួរ ,ទឹកបរិសុទ្ធ ០១កេស ,ត្រីខ១០កំប៉ុង ,ឃីត០១កញ្ចប់ និងថវិកាមួយចំនួន ដោយឡែកគ្រួសារងគ្រោះរលំទាំងស្រុងបន្ថែមសំពត់តង់០១ផងដែរ ៕
ដោយ ៖ សាលី







