បន្ទាយមានជ័យ
៖ ក្រុមជំនុំមេតូឌីសព្រះពរខេត្តបន្ទាយមានជ័យ បានប្រារព្ធពិធីអបអរសាទរខួបគម្រប់២៥
ឆ្នាំនៃក្រុមជំនុំមេតូឌីស្តព្រះពរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត សៀ សុភ័ក្រ
រដ្ឋលេខាធិការ ក្រសួងធម្មការ និងសាសនា ឯកឧត្តម ប្លែក វ៉ារី
ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត
ប្រារព្ធធ្វើនៅ(ព្រះវិហារមេតូនីស្ទព្រះពរ) ស្ថិតក្នុងភូមិគោរដ្ឋាន សង្កាត់អូអំបិល
ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នៅរាត្រីថ្ងៃសៅរ៍ ទី១៦ ខែឧសភា ឆ្នាំ២០២៦ ។
ពិធីនេះមានការអញ្ជើញចូលរួមពី
Bishop Philip Lim
.President Young Tek Lek President Lun Sophy Rev.Song Jinsup. លោក អភិបាលរងខេត្ត នាយករដ្ឋបាល កងកម្លាំង លោក លោកស្រី មន្ទីរអង្គភាពនានា
អភិបាលរងក្រុង ព្រឹទ្ធបូជាចារ្យ បូជាចារ្យ គណៈកម្មាធិការគ្រឹស្ទបរិស័ទខេត្ត
លោកគ្រូ អ្នកគ្រូគង្វាល និងភ្ញៀវកិតិ្តយសជាច្រើនរូបទៀត។
លោកគ្រូ
គឹម វិវត្ត គ្រូគង្វាល បានថ្លែងអំណរគុណទៅដល់ រដ្ឋបាលខេត្ត ក្នុងរយៈពេល២៥ឆ្នាំ
កន្លងមកនេះ តែងតែជួយសម្របសម្រួល ដល់ក្រុមជំនុំមេតូឌីសព្រះពរខេត្តបន្ទាយមានជ័យ
ចូលរួមគ្រប់សកម្មភាពកិច្ចការងារសង្គម។
លោកបញ្ជាក់ថា
ខួប២៥ឆ្នាំ គឺជាការរំលឹក និងអរព្រះគុណដល់ព្រះយេស៊ូវគ្រីស្ទ តាមជំនឿគ្រីស្ទបរិស័ទ
ហើយក៏ជាការជួបជុំមួយរបស់គ្រីស្ទបរិស័ទ ដែលមកពីគ្រប់ទីកន្លែងនៅក្នុងខេត្ត
និងមកពីបណ្តាខេត្តផ្សេងៗ ជាពិសេសមកពី Singapore។ ពិធីជួបជុំនេះ ក៏ជាការបង្ហាញឱ្យឃើញនូវការរីកចម្រើនរបស់ក្រុមជំនុំមេតូឌីស្ទ
ក៏ដូចជាគ្រីស្ទបរិស័ទនៅក្នុងខេត្ត ក្រោមម្លប់សន្តិភាព
និងផ្តល់ឱកាសសម្រាប់អង្គពិធីបានជួបប្រាស្រ័យទាក់ទងគ្នាកាន់តែជិតស្និទ្ធ
ពិភាក្សាផ្លាស់ប្តូរទស្សនៈគំនិតយោបល់ ការចែករំលែកបទពិសោធន៍ល្អៗ
និងពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីរួមចំណែកដល់ការលើកស្ទួយសុខដុមនី-យកម្មវិស័យគ្រីស្ទសាសនានៅកម្ពុជា
សំដៅរក្សាបាននូវសុខសន្តិភាព ស្ថិរភាព និងសុវត្ថិភាពទាំងផ្លូវកាយ ផ្លូវចិត្ត
និងស្មារតី ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិផងដែរ។
ឯកឧត្ដម
អ៊ុំ រាត្រី បានប្រសាសន៍ថា គ្រីស្ទបរិស័ទ បានចូលរួមសកម្មភាពសង្គមជាច្រើន
ជាពិសេសក្រុមជំនុំមេតូឌីស្ទព្រះពរ បានចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ និងជួយសង្គម
ដូចជា វិស័យសុខាភិបាល មានពេទ្យមកព្យាបាលដោយឥតគិតថ្លៃ វិស័យអប់រំរួមមាន ភាសា ចំណេះ
ជំនាញ តន្ត្រីសិល្បៈ កីឡាតៃខ្វាន់ដូ និងបាល់ទាត់ វិស័យកាកបាទក្រហម ទាំងផ្នែកគ្រោះមហន្តរាយ
ផ្នែកគ្រួសារងាយរងគ្រោះបំផុតជួយប្រចាំខែជាង១០០គ្រួសារ
ជាអំណោយក្តីស្រឡាញ់ជាពិសេសកំអឡុងពេលមានជម្លោះព្រំដែនកម្ពុជា-ថៃ
ដែលបានឈ្លានពានបូរណភាពទឹករបស់កម្ពុជា។
ក្នុងឱកាដនោះឯកឧត្តមបណ្ឌិត
សៀ សុភ័ក្រ រដ្ឋលេខាធិការ ក្រសួងធម្មការ និងសាសនា មានប្រសាសន៍ ថា ការចូលរួមនេះធ្វើឱ្យគ្រីស្ទបរិស័ទ
ទទួលបានការគាំពារ ការធានាលើកទឹកចិត្ត និងពង្រឹងសុខដុមនីយកម្មសាសនា
ដើម្បីឆ្ពោះទៅរកភាពរីកចម្រើន និងរស់នៅក្នុងសុខសន្តិភាព និងការអភិវឌ្ឍ។
ឯកឧត្ដម
បន្តថា រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ ក្នុងការផ្តល់សេរីភាពខាងជំនឿសាសនាយ៉ាងទូលំទូលាយដល់ប្រជាជនទូទៅ
ដោយឈរលើមូលដ្ឋាន នៃការពង្រឹងសុខ ដុមនីយកម្មរវាងសាសនិក នៃគ្រប់និកាយសាសនា ព្រមទាំង
ប្រឆាំងរាល់ការរើសអើងគ្រប់ទម្រង់ ការបែងចែកក្នុងចំណោមប្រជាជន
ដែលបណ្តាលមកពីភាពខុសគ្នា នៃជំនឿសាសនា សំដៅទប់ស្កាត់ការយកសាសនាទៅធ្វើអាជីវកម្ម
ដែលអាចបង្កវិបត្តិសាសនា ជាពិសេស ការមិនចុះសម្រុងនឹងច្បាប់រដ្ឋ
និងអាជ្ញាធរដែនដីជាដើម។
ឯកឧត្ដម រដ្ឋលេខាធិការ បញ្ជាក់ថា ៖ សេរីភាពខាងជំនឿសាសនា គឺពិតជាត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់ និងលើកកម្ពស់ដល់វិស័យសាសនាដទៃទៀតយ៉ាងពិតប្រាកដ មិនថាឡើយ ព្រះពុទ្ធសាសនា ឬឥស្លាមសាសនា ឬគ្រីស្ទសាសនា ឬសាសនាដទៃទៀតនោះឡើយ៕
















