បាត់ដំបង ៖ នៅថ្ងៃទី២៧ ខែឧសភា
ឆ្នាំ២០២៦នេះ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង
បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន
និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង
ក្នុងកិច្ចប្រជុំនេះដែរ លោក សុវណ្ណ វិទិត្យា
ប្រធានមន្ទីរព័ត៌មានខេត្តបាត់ដំបង
បានធ្វើបទអន្តរាគមន៍ស្ដីពីតួនាទីក្រុមការងារសម្របសម្រួលព័ត៌មានក្នុងការទប់ស្កាត់
និងបន្សាបព័ត៌មានក្លែងក្លាយ
ព្រមទាំងបញ្ជ្រាបនូវព័ត៌មានពិតអំពីសមិទ្ធផលអភិវឌ្ឍន៍នៅក្នុងខេត្ត
ការលើកកម្ពស់កិត្យានុភាព និងកិត្តិយសថ្នាក់ដឹកនាំ។
ជាមួយគ្នានេះ ឯកឧត្តម សុខ លូ បានក្រើនរំឭកដល់ថ្នាក់ដឹកនាំ
ជាពិសេសអ្នកនាំពាក្យនៃមន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក
និងអង្គភាពកងកម្លាំងត្រូវតាមដានក្ដាប់ព័ត៌មាន
និងពន្លឿនការឆ្លើយតបព័ត៌មានឱ្យបានលឿនរហ័សដោយយកព័ត៌មានពិតបន្សាបព័ត៌មានក្លែងក្លាយ។
ឯកឧត្តមសង្កត់ធ្ងន់ថា ព័ត៌មានក្លែងក្លាយ
ឬព័ត៌មានបែបបំពុលសង្គមគ្មានប្រភពច្បាស់លាស់
តួយ៉ាងប្រភពពីក្រៅប្រទេសមួយចំនួនដែលមិនអាចទុកចិត្តបាន និងមានចរិតនយោបាយនិយមជ្រុល
ឬព័ត៌មានដែលមានប្រភពពីMMO មួយចំនួនដែលប្រើបណ្តាញសង្គមសម្រាប់បង្កើតព័ត៌មានក្លែងក្លាយបង្កចលាចលទាញយកប្រយោជន៍ផ្ទាល់ខ្លួននោះ
គឺពិតជាបង្កគ្រោះថ្នាក់ខ្លាំងណាស់ដល់សង្គមជាតិដែលទាមទារឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ត្រូវទប់ស្កាត់ឱ្យមានប្រសិទ្ធភាពបំផុត។
បន្ថែមពីនេះឯកឧត្តមអភិបាលខេត្ត
បានដាក់បទបញ្ជាឱ្យអាជ្ញាធរស្រុកជាប់ព្រំដែន កងកម្លាំង និងមន្រ្តីជំនាញ
ត្រូវពង្រឹងការទប់ស្កាត់មិនឱ្យមានការនាំចូលទំនិញរបស់ថៃ
និងបង្រ្កាបបទល្មើសឆ្លងដែនខុសច្បាប់គ្រប់ប្រភេទ៕
ដោយ ៖ សាលី














