បាត់ដំបង ៖
ដោយទទួលបានគោលការណ៍ពីលោកអភិបាលនៃគណៈអភិបាលស្រុក កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦
ក្រុមការងាររដ្ឋបាលស្រុកសំឡូត ដែលដឹកនាំដោយ លោក ហែម ស៊ីណាក់ ជាអភិបាលរង បានចុះពិនិត្យទីតាំងជាក់ស្ដែងផ្ទះប្រជាពលរដ្ឋមួយកន្លែងស្ថិតក្នុងភូមិសាស្រ្តសំឡូតចាស់តាមការរាយការណ៍របស់អាជ្ញាធរមូលដ្ឋាន
និងប្រជាពលរដ្ឋក្រោយឃើញមានដឹកចូលទុរេនពីប្រភពខាងក្រៅមកចរាចរលក់ដុំក្នុងភូមិសាស្រ្តសំឡូតចាស់។
ក្រោយចុះពិនិត្យជាក់ស្តែង
និងតាមការសាកសួរផ្ទាល់ចម្លើយពួកគាត់មិនមានភាពច្បាស់លាស់(ម្ដងយកពីស្រែអំពិល
ខេត្តព្រះសីហនុ ម្ដងយកមកពីរាជធានីភ្នំពេញ(ម្ដុំទួលសង្កែ)ក្រោមគំនិតទីផ្សារសេរី
ក្រុមការងាររដ្ឋបាលស្រុកគិតថាជាការបន្លំភ្នែកអតិថិជន
ហើយក្រុមការងារមានសិទ្ធិពេញលេញក្នុងការការពារតម្លៃនិមិត្តសញ្ញាផ្លែទុរេន(លូហ្គូ) តំណាងរដ្ឋបាលស្រុកសំឡូត
,រក្សាគុណភាព
រសជាតិទុរេនសំឡូតពិតប្រាកដក្នុងភូមិសាស្រ្តសំឡូតចាស់ ជាបេះដូងនៃការផ្សព្វផ្សាយទៅកាន់សាធារណជនទូទាំងប្រទេស
ជូនអតិថិជន ឬភ្ញៀវទេសចរណ៍ចង់មកកំសាន្តភ្លក់រសជាតិទុរេនសំឡូត ,ការពារផលប្រយោជន៍ម្ចាស់ចំការក្នុងភូមិសាស្រ្តស្រុកសំឡូត។
ជាមួយគ្នានេះដែរនៅក្នុងដំណាក់កាលដំបូងនេះ
ទី១-ក្រុមការងារបានសុំឱ្យម្ចាស់ទីតាំងខាងលើ ដាក់ឈ្មោះប្រភពនៃការនាំចូលចំពោះទុរេនដឹកចូលលើកនេះ
។ ទី២-បញ្ឈប់ការយកចូលទុរេនពីប្រភពខាងក្រៅមកភូមិសាស្ត្រសំឡូតចាស់ និងចំការផ្សេងៗទៀត
។ ទី៣-បើយោងទីផ្សារសេរីសុំយកទៅលក់តាមដងផ្លូវក្រៅពីភូមិសាស្រ្តចំការ
ហើយសូមដាក់ស្លាកប្រភពទុរេននាំចូល។
បន្ថែមពីនេះរដ្ឋបាលស្រុក បាននិងកំពុងធ្វើការស៊ើបសួរ និងស្រាវជ្រាវរកប្រភពអ្នកនាំចូលទុរេនពីខាងក្រៅ និងរៀបចំក្រុមការងារចុះពិនិត្យទីតាំងលក់ផ្លែទុរេនក្នុងភូមិសាស្រ្តស្រុកចាប់ ពីថ្ងៃនេះរហូតដល់ចប់រដូវកាលផ្លែទុរេនសំឡូតផងដែរ ៕
ដោយ ៖ សាលី





