ឃាត់ខ្លួនជនសង្ស័យ១០នាក់ ក្រោយដេញកាប់គ្នាពេលយប់ នៅតាមដងផ្លូវផ្អើលក្រុងបាត់ដំបង
សារព័ត៌មាន​ ខ្មែរពិត (www.sapormeankhmerpit.com.kh) Phone +85569690578 ។​ សូមអរគុណ...!

ឃាត់ខ្លួនជនសង្ស័យ១០នាក់ ក្រោយដេញកាប់គ្នាពេលយប់ នៅតាមដងផ្លូវផ្អើលក្រុងបាត់ដំបង

បាត់ដំបង ៖ ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលដឹកនាំរបស់លោកឧត្តម​សេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នង​ការនៃស្នងការដ្ឋាននគរបាលខេត្តបា​ត់ដំបង កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២​៦ លោកវរសេនីយ៍ឯក ពេជ្រ សា​រ៉ែន អធិការនគរបាលក្រុងបាត់ដំបង បានដឹកនាំកម្លាំងធ្វើការស្រាវជ្រាវករ​ណីហិង្សាបណ្តាលឱ្យរងរបួសជន​រងគ្រោះនិងកាប់់បំផ្លាញទ្រព្យ​ស​ម្បត្តិអ្នកដទៃមួយករណី រហូតឈានទៅឃាត់ខ្លួនមនុស្សចំនួន ១០នាក់។

កិច្ចប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យទាំង១០នាក់ខាងលើធ្វើឡើងបន្ទាប់ពីទទួលពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះ ហេង ហួយ ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិភ្ញាវ ឃុំត្រែង ស្រុករតនៈ​មណ្ឌ​ល ខេត្តបាត់ដំបង ថាមានករណីហិង្សាបណ្តាលឱ្យគាត់រងរបួសនិងកាប់យកផ្លាកលេខម៉ូតូរបស់គាត់កាលពីវេលាម៉ោង១៨ និង០០នាទី ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ នៅចំណុចក្រុមទី១០ ភូមិគោកពន្លៃ សង្កាត់អូរម៉ា​ល់ ក្រុងបាត់ដំបង ខណៈ​ដែលគាត់កំពុងជិះម៉ូតូលើដងផ្លូវដោយពុំបានដឹងរឿងនិងពុំមានទំនា​ស់​អ្វីសោះជាមួយអ្នកប្រព្រឹត្តិ ។

លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង បាន​ឱ្យដឹងថា ក្រោយពេលឃាត់ខ្លួនយកមកសាកសួរពួកគេទាំង​១០នាក់បានឆ្លើយសារភាពថាជនរងគ្រោះដែលពួកគេធ្វើសកម្មភាពទៅលើនេះ មិនមែនជាគូរទំនាស់របស់ពួកគេទេ ពោលគឺធ្វើ​សកម្មភាពកាប់ច្រឡំមនុស្ស ដោយ​សារជនរងគ្រោះជិះម៉ូតូមានភិនភាគដូចគ្នាទៅនឹងគូរទំនាស់របស់ខ្លួនដែលមានទំនាស់គ្នាតាំងពីពេលមុនមក ។

បច្ចុប្បន្នជនសង្ស័យទាំង១០នាក់ពេលនេះត្រូវបានសមត្ថកិច្ចបញ្ជូនមកកាន់ផែនជំនាញដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់ហើយ៕







ដោយ ៖ សាលី


Post a Comment (0)
Previous Post Next Post