បន្ទាយមានជ័យ
៖ នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់
និងសុរិយោដីខេត្តបន្ទាយមានជ័យ បានរៀបចំសិក្ខាសាលា
ផ្សព្វផ្សាយផែនការប្រើប្រាស់ដីឃុំ សង្កាត់
ទូទាំងខេត្តបន្ទាយមានជ័យដែលមានសមាជិកសមាជិកាចូលរួមជាង៨០០នាក់ ។
លោក
មាស ដារ៉ា ប្រធានមន្ទីររៀបចំដែនដី បានបញ្ជាក់ថា ខេត្តបន្ទាយមានជ័យ
បានបញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈប្រព័ន្ធ
និងបានធ្វើកម្មវិធីប្រកាសបិទបញ្ចប់ការងារវាស់វែង ដីធ្លីនៅថ្ងៃទី៣០ ខែមិថុនា
ឆ្នាំ២០២៥ ជាដំបូងក្បាលដីប៉ាន់ស្មាន មានចំនួន ៦៧៨៦៦៧ក្បាលដី
ប៉ុន្តែក្រោយពីយុទ្ធនាការចុះវាស់វែងបង្ហើយរួចមកមានក្បាលដីចំនួន ៧៥២១៨១ក្បាលដី
លើសពីការប៉ាន់ស្មានចំនួន ៧៣៥១៤ក្បាលដី។
រហូតមកដល់ពេលនេះក្រុមការងារចុះបញ្ជីដីធ្លីមាន លក្ខណៈជាប្រព័ន្ធចំនួន ៧ក្រុង-ស្រុក
បានបញ្ចប់ការងារប្រមូលទិន្នន័យ
និងនៅសល់ចំនួន២ក្រុង-ស្រុកទៀតនឹងបញ្ចប់ការងារនៅចុងខែឧសភា ឆ្នាំ២០២៦។
ចំពោះការបញ្ចូលទិន្នន័យដែលនៅសល់ប្រមាណ ជិត១០ម៉ឺនក្បាលដីទៀត នឹងបញ្ចប់នៅចុងខែកក្កដា
ឆ្នាំ២០២៦ និងចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់ អចលនវត្ថុ(ប្លង់រឹង)
ជូនបងប្អូនប្រជាពលរដ្ឋយ៉ាងយូរចុងឆ្នាំ២០២៧។
ជាមួយគ្នានេះលោក
លៀម សុដា អភិបាលរងតំណាងឯកឧត្តម អ៊ុំ រាត្រី អភិបាល
នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍បញ្ជាក់ថា ខេត្តបន្ទាយមានជ័យ
បានរៀបចំផែនការប្រើប្រាស់ដីថ្នាក់ខេត្ត ប្លង់គោលប្រើប្រាស់ដី ក្រុងសិរីសោភ័ណ
និងផែនការប្រើប្រាស់ដី និងប្លង់គោលប្រើប្រាស់ដីក្រុងប៉ោយប៉ែតរួចរាល់
ដោយរង់ចាំប្រជុំពិនិត្យ និងអនុម័តពីគណៈកម្មាធិការរៀបចំដែនដី
និងនគរូបនីយកម្មថ្នាក់ជាតិ។ មិនតែប៉ុណ្ណោះមន្ទីរបានរៀបចំកសាងផែនការប្រើប្រាស់ដីឃុំសម្រេចបានចំនួន
៨ឃុំ និងបានអនុម័តចំនួន ២ឃុំបន្ថែម កាលពីថ្ងៃទី១៨ ខែខុសភា ឆ្នាំ២០២៦។
លោកអភិបាលរងខេត្ត
បន្តថា គោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងនីតិកាលទី៧ ដែលដឹកនាំដោយសម្តេចបវរធិបតី
ហ៊ុន ម៉ាណែត បានដាក់ចេញនូវយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ ក្នុងនោះមុំទី៤
ដែលនិយាយអំពីការពង្រឹងការគ្រប់គ្រង និងការធ្វើទំនើបកម្ម នគរូបនីយកម្ម
ដែលជាគោលដៅយុទ្ធសាស្ត្រគឺការពង្រីកទីក្រុង
និងការអភិវឌ្ឍទីក្រុងថ្មីៗបន្ថែមទៀតនៅតាមបណ្តារាជធានី-ខេត្ត ការបង្កើតសួនសាធារណៈ
និងឧទ្យានបៃតង និងការពង្រឹងការគ្រប់គ្រង និងការធ្វើទំនើបកម្មនគរូបនីយកម្ម
ដើម្បីធានាសុវត្ថិភាព សោភ័ណភាព បរិស្ថានល្អ និងសុខមាលភាពសម្រាប់ការរស់នៅ
និងប្រសិទ្ធភាពក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។
ក្នុងដំណើរការសិក្ខាសាលានេះ លោក អ៊ុំ វិណារ៉ា អនុប្រធានមន្ទីរ បានធ្វើបទបង្ហាញស្តីពីលិខិតបទដ្ឋានគតិយុត្តគាំទ្រការងាររៀបចំ ផែនការប្រើប្រាស់ដីថ្នាក់ឃុំ-សង្កាត់។ ដោយបច្ចុប្បន្នការកសាងផែនការប្រើប្រាស់ឃុំ សង្កាត់ ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ សម្រេចបានលទ្ធផលមួយចំនួន ព្រមទាំងបានបើកឱកាសដល់គ្រប់ភាគីពាក់ព័ន្ធដែលចូលរួមមានការលើកឡើងជាសំណួរចម្លើយដើម្បីឱ្យការប្រើប្រាស់ដីប្រកបដោយប្រសិទ្ធភាព៕








