បាត់ដំបង ៖ នៅរសៀលថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦
ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាស្រុកសង្កែ ដឹកនាំដោយលោក នាង ចន្ទថារ៉ា អភិបាលស្រុក និងជាប្រធានគណៈកម្មាធិការអនុសាខាព្រមទាំងសហការី
បានអញ្ចើញជួបសំណេះ សំណាលសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌របស់សប្បុរសជន
តាមរយៈអនុសាខាកាកបាទក្រហមកម្ពុជាស្រុក
ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់បណ្ដាលអោយប៉ើងតំបូលផ្ទះសរុបចំនួន៩គ្រួសារ
មកពីភូមិចំនួន២ ក្នុងឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ។
ថ្លែងក្នុងឱកាសសំណេះសំណាលនេះដែរ លោក នាង ចន្ទថារ៉ា
ប្រធានគណៈ កម្មាធិការ អនុសាខាស្រុក បានពាំនាំប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់
ឯកឧត្តម សុខ លូ
ប្រធាគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តជាពិសេសសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត
ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា
និងបានសម្ដែងនូវការសោកស្ដាយចំពោះការខូចខាត ផ្ទះសំបែង ទ្រព្យសម្បត្តិ របស់បងប្អូន
ដែលនេះជាគ្រោះមហន្តរាយបង្កដោយធម្មជាតិ គ្មាននរណាម្នាក់ចង់ជួបប្រទះឡើយ។
លោកប្រធានអនុសាខាបានបន្តទៀតថាជានិច្ចកាលសម្តេចតែងតែយកចិត្តទុកដាក់ខ្ពស់
ចំពោះសុខទុក្ខរបស់បងប្អូន ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះគ្រប់រូប ដោយមិនប្រកាន់
វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ
ពោលគឺទីណាមានការលំបាកទីនោះមានកាកបាទក្រហមកម្ពុជា ។
ទន្ទឹមនោះ
លោកប្រធានអនុសាខាក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់មានការប្រុងប្រយ័ត្នឲ្យបានគ្រប់ៗគ្នា
ជាពិសេស សូមមេត្តាថែទាំសុខភាពឱ្យបានល្អ
ថែទាំកូនចៅតូចៗត្រូវប្រុងប្រយ័ត្នខ្លាចក្រែងជួបវិបត្តិផ្សេងៗ
ព្រោះដើមរដូវវស្សាជិតមកដល់ហើយ ម្យ៉ាងវិញទៀត
បើឃើញភាពមិនស្រួលចំពោះសុខភាពត្រូវប្រញាប់ទៅមណ្ឌល សុខភាព ឬមន្ទីរពេទ្យដែលនៅជិតបំផុត
ដើម្បីអាចពិគ្រោះ ឬព្យាបាលបានទាន់ពេលវេលា ។
សូមបញ្ជាក់ថា
គ្រួសារនីមួយៗទទួលបានអំណោយរួមមាន!អង្ករ២៥គីឡូ ,មី១កេស,
ទឹកត្រី១យួ និងថវិកា៥ម៉ឺនរៀលផងដែរ ៕
ដោយ ៖ សាលី







