បាត់ដំបង ៖ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦នេះ ឯកឧត្តម
ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា
និងនវានុវត្តន៍ ជាតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា
ដោយមានការអញ្ជើញចូលរួមពីលោកស្រី Yasmin Siddiqi នាយិកានៃធនាគារអភិវឌ្ឍន៍អាស៊ី
(ADB) ប្រចាំកម្ពុជា, និងលោកស្រី Sandrine
Boucher នាយិកានៃទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ(AFD)ប្រចាំកម្ពុជា និងឯកឧត្ដម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង
បានអញ្ជើញសម្ពាធដាក់ឱ្យដំណើរការជាផ្លូវការប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តបាត់ដំបង
ស្ថិតនៅភូមិកំពង់សីមា សង្កាត់វត្តគរ ក្រុងបាត់ដំបង។
នាឱកាសនោះដែរ ឯកឧត្តម ហែម វណ្ណឌី បានមានប្រសាស្ត្រថា
នេះគឺជាសមិទ្ធផលនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងវិស័យទឹកស្អាតដ៏ធំ
និងថ្មីបន្ថែមមួយទៀត សម្រាប់ខេត្តបាត់ដំបង
ក្រោមហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី
ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍបន្ទាប់ពីគម្រោងផ្គត់ផ្គង់ទឹកស្អាតទីប្រជុំជនដែលបានអនុវត្តចប់ដោយជោគជ័យនៅក្នុងខែធ្នូ
ឆ្នាំ២០២២ នៅខេត្តកំពង់ចាម ពោធិ៍សាត់ កំពត ស្វាយរៀង កំពង់ធំ សៀមរាប ស្ទឹងត្រែង
និងស្រុកស្ទោង ហើយប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតថ្មីនេះនឹងជួយពង្រីកសមត្ថភាពផលិត
និងផ្គត់ផ្គង់ទឹកស្អាតដល់រដ្ឋាករទឹកបាត់ដំបងចំនួន ៥០.០០០ មក ថ្ងៃ
បន្ថែមពីលើសមត្ថភាពផលិតបច្ចុប្បន្ន
និងបង្កើនអត្រាខ្នងផ្ទះដែលភ្ជាប់បណ្តាញទឹកស្អាតក្នុងតំបន់សេវាកម្មពីប្រមាណ ៤៧,៦៣% ក្នុងឆ្នាំ២០១៨ រហូតដល់ ៧៦% នៅក្នុងឆ្នាំ២០២៥។
ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា
ជាពិសេសប្រជាជននៅក្នុងក្រុងបាត់ដំបង
ឯកឧត្តមសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះធនាគារអភិវឌ្ឍន៍អាស៊ី
និងទីភ្នាក់បារាំងសម្រាប់ការអភិវឌ្ឍ ដែលបានផ្តល់ហិរញ្ញប្បទានសម្រាប់អនុវត្តគម្រោងផ្គត់ផ្គង់ទឹកស្អាត
និងអនាម័យខេត្ត និងសូមស្នើដល់ធនាគារអភិវឌ្ឍន៍អាស៊ី តំណាងដោយ លោកស្រី YASMIN
SIDDIQI, ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ តំណាងដោយលោកស្រី SANDRINE
BOUCHER និងសហភាពអឺរ៉ុប តំណាងដោយលោក BRYAN FORNARI សូមបន្តពិនិត្យលទ្ធភាពផ្តល់ហិរញ្ញប្បទានសម្រាប់គម្រោងអភិវឌ្ឍវិស័យទឹកស្អាតនៅតាមបណ្តាខេត្តផ្សេងទៀត
ក៏ដូចជាជំនួយដទៃទៀតដល់កម្ពុជា ដើម្បីរួមចំណែកកសាង
និងកែលម្អហេដ្ឋារចនាសម្ព័ន្ធរូបវន្តនានា។
ជាមួយគ្នានេះ ឯកឧត្តមក៏សូមថ្លែងអំណរគុណដល់ក្រសួងស្ថាប័ន អង្គភាពពាក់ព័ន្ធ រដ្ឋបាលខេត្ត អាជ្ញាធរមូលដ្ឋាន គ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋ ចំពោះការចូលរួមសហការ សម្របសម្រួលការអនុវត្តគម្រោងនេះឱ្យដំណើរការទៅបានដោយរលូន និងទទួលបានជោគជ័យ ៕
ដោយ ៖ សាលី






