កំពង់ស្ពឺ ៖ ខណៈមានការបង្ក្រាបទីតាំង Scams
onlineយ៉ាងក្តៅគគុកនៅតាមបណ្តាខេត្តនានា ពិសេសនៅក្រុងប៉ោយប៉ែត
ជនបរទេសដែលគេចខ្លួនចេញពីទីតាំងបង្ក្រាបទាំងនោះបានធ្វើការចល័តទៅតាមបណ្តាមួយចំនួនដែលពួកគេគិតថាអាចមានសុវត្ថិភាពពីចាប់នេះ។ក្នុងនោះខេត្តកំពង់ស្ពឺគឺជាខេត្តគោលដៅមួយដែលក្រុមឧក្រិដ្ឋជនបរទេសទាំងនេះបានកំណត់ជាកន្លែងលាក់ខ្លួនដ៏មានសុវត្ថិភាពផងដែរ។ផ្ទុយទៅវិញកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ
ដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ
បានបើកប្រតិបត្តិការពិនិត្យនិងទប់ស្កាត់ការចល័តនេះ។
ជាក់ស្តែងនាយប់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ លោកឧត្ដមសេនីយ៍ទោ
ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ
បានដឹកនាំកម្លាំងចុះអន្ដរាគមន៍និងប្រតិបត្ដិការ បង្រ្កាប ទប់ស្កាត់ការចល័តរបស់ជនបរទេសតាមមធ្យោបាយផ្សេងមកពី
តំបន់មួយចំនួនដែលត្រូវបានកងកំលាំងនគរបាលបេីកប្រតិបត្ដិការបង្រ្កាប។ក្នុងប្រតិបត្តិការនេះដែរ
កម្លាំងជំនាញបានធ្វើការឆែកឆេរ ត្រួតពិនិត្យនូវគ្រប់មធ្យោបាយដឹកជញ្ជូនទាំងអស់
ដោយបានធ្វើការឃាត់ខ្លួនជនបរទេសជាច្រើននាក់បញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្ត។
ជាមួយនិងប្រតិបត្តិការខាងលើ លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺបានបញ្ជាក់ថា យោងតាមបទបញ្ជាម៉ឺងម៉ាត់របស់លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ ខេត្តនេះនិងត្រូវបានបោសសំអាតរាល់បទល្មើសនានាពិសេសគឺScams online ។ដូច្នេះរាល់ការចរាចរ ការស្នាក់នៅរបស់ជនបរទេសត្រូវបានត្រួតពិនិត្យយ៉ាងតឹងរឹង។ពលរដ្ឋដែលមានអាគារ ផ្ទះសំណាក់ឬទីតាំងជួលទៅឱ្យជនបរទេសទាំងអស់ត្រូវចូលរួមសហការនិងរាយការណ៍ដល់អាជ្ញាធរ ឬសមត្ថកិច្ចដើម្បីត្រួតពិនិត្យនិងទប់ស្កាត់ទាន់ពេលវេលា ធ្វើយ៉ាងណាចូលរួមបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា( Online Scams ) អោយអស់ពីកម្ពុជា ៕
ដោយ ៖ មាស សំអូន







