ឯកឧត្តម សុខ លូ ប្រគល់ផ្ទះមនុស្សធម៌១ខ្នង ជូនដល់ភរិយា និងកូនៗ វីរៈកងទ័ព ជួប ថុន និងផ្តល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋងាយរងគ្រោះ និងរងគ្រោះដោយខ្យល់កន្រ្តាក់សរុប ៦៥គ្រួសារនៅស្រុកថ្មគោល
សារព័ត៌មាន​ ខ្មែរពិត (www.sapormeankhmerpit.com.kh) Phone +85569690578 ។​ សូមអរគុណ...!

ឯកឧត្តម សុខ លូ ប្រគល់ផ្ទះមនុស្សធម៌១ខ្នង ជូនដល់ភរិយា និងកូនៗ វីរៈកងទ័ព ជួប ថុន និងផ្តល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋងាយរងគ្រោះ និងរងគ្រោះដោយខ្យល់កន្រ្តាក់សរុប ៦៥គ្រួសារនៅស្រុកថ្មគោល

បាត់ដំបង ៖ នៅរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦នេះ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត អមដោយអនុប្រធាន សមាជិក សមាជិកាគណៈកម្មាធិការសាខា អនុសាខាស្រុកថ្មគោល ក្រុមកាកបាទក្រហមឃុំ អ្នកស្ម័គ្រចិត្ត  និងយុវជន បានប្រគល់ផ្ទះ មនុស្សធម៌១ខ្នងលេខរៀងទី២៥ ជាអំណោយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ជូនដល់ អ្នកស្រី ទូច រ័ត្ន អាយុ៤៧ឆ្នាំ ជាភរិយា និងកូនរបស់លោកព្រឹន្ទបាលឯក ជួប ថុន ព្រមទាំងសំណេះសំណាលនិងផ្តល់អំណោយមនុស្សធម៌ដល់ប្រជាពលរដ្ឋងាយរងគ្រោះ និងរងគ្រោះដោយខ្យល់កន្រ្តាក់សរុបចំនួន៦៥គ្រួសារ ក្នុងស្រុកថ្មគោល ។

 

ក្នុងនាមកាកបាទក្រហមកម្ពុជា ដែលមាន សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន, ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានសម្តែងនូវក្តីសោមនស្សរីករាយ និងបានពាំនាំប្រសាសន៍ចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុត និងប្រសាសន៍សួរសុខទុក្ខក្រុមគ្រួសារនៃសពវីរកងទ័ព និងប្រជាពលរដ្ឋងាយរងគ្រោះ និងរងគ្រោះទាំងអស់ ដោយក្តីនឹករលឹក អាណិតស្រឡាញ់។

 

ឯកឧត្តម សុខ លូ បានបញ្ជាក់បន្ថែមថា ជាការតបស្នងសងគុណ រាជរដ្ឋាភិបាល រួមទាំងប្រជាជនកម្ពុជា ទាំងអស់ជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សូមចងចាំនូវវីរភាពដ៏អង់អាចក្លាហានរបស់វីរកងទ័ព ដែលបានបូជាសាច់ស្រស់ឈាមស្រស់ដើម្បីការពារបូរណភាពទឹកដី ក៏ដូចជាការផ្តល់ជូនមកវិញនូវសន្តិភាពជូនជាតិ មាតុភូមិ ។

 

ជាមួយគ្នានេះ ឯកឧត្តមប្រធានក៏បានសំណូមពរ និងក្រើនរំលឹកដល់បងប្អូនទាំងអស់សូមបង្កើនការប្រុងប្រយ័ត្នអោយបានខ្ពស់បន្ថែមទៀតចំពោះគ្រោះមហន្តរាយដោយធម្មជាតិ ព្រោះថាឆ្នាំនេះរដូវប្រាំងមានរយៈពេលយូរ អាកាសធាតុក្តៅហួតហែង ពេលមានភ្លៀងធ្លាក់មកជាមួយនឹងខ្យល់កន្រ្តាក់ លាយឡំនឹងផ្គររន្ទះ អាចបង្កជាគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សសត្វគ្រប់ៗគ្នា ដែលតម្រូវឲ្យប្រជាពលរដ្ឋគ្រប់រូបមានការប្រុងប្រយ័ត្នឲ្យបានគ្រប់ៗគ្នា ជាពិសេសបងប្អូនប្រជាពលរដ្ឋទាំងអស់សូមមេត្តាថែទាំសុខភាពឱ្យបានល្អ ពិសេសកូនចៅតូចៗត្រូវប្រុងប្រយ័ត្ន ខ្លាចក្រែងជួបវិបត្តិផ្សេងៗ ព្រោះដើមរដូវវស្សាជិតមកដល់ហើយ ម្យ៉ាងវិញទៀត បើឃើញភាពមិនស្រួលចំពោះសុខភាព ត្រូវប្រញាប់ទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតបំផុត ដើម្បីអាចពិគ្រោះ ឬព្យាបាលបានទាន់ពេលវេលា ។

 

លោកស្រី ទូច រ័ត្ន និងកូនៗបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះឯកឧត្តម សុខ លូ ជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានគិតគូរនិងជួយឧបត្ថម្ភជាបន្តបន្ទាប់ ជាពិសេសផ្ទះថ្មី១ខ្នង ដែលមិននឹកស្មានដល់ថានឹងមានជម្រកយ៉ាងសមរម្យស្រស់ស្អាតបែបនេះទេនិងបានប្តេជ្ញាចិត្តថានឹងថែរក្សាអោយបានគង់វង្សយូរអង្វែងនិងខិតខំប្រកបមុខរប និងចិញ្ចឹមបីបាត់ថែរក្សាកូនអោយបានរៀនសូត្រ ទៅមុខទៀតដើម្បីសម្រេចក្តីបំណង ជាពិសេសមិនធ្វើឱ្យ អ្នកម្តាយមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ក៏ដូចជាសប្បុរសជនដទៃទៀតខកបំណងឡើយ។

 

សូមបញ្ជាក់ថា ផ្ទះលេខរៀងទី២៤ដែលជាអំណោយរបស់សាខាខេត្តខាងលើនេះ មានទំហំ ៤ម៉ែត្រ x ៦ម៉ែត្រ ជញ្ជាំងស៊ីម៉ង់តិ៍ ក្រាលការ៉ូ ដំបូលប្រក់សង្ក័សី មានបន្ទប់ទឹកមួយក្រោយផ្ទះ តយ៉ាបខាងមុខ២.៥ម៉ត្រផងដែរ ហើយកន្លងមកក្រុមគ្រួសារខាងលើនេះ ត្រូវបានជួយសម្រាលការលំបាកពីកាកបាទក្រហមកម្ពុជា និងសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រដ្ឋបាលខេត្ត រដ្ឋបាលស្រុក សប្បុរជន និងថ្ងៃនេះបានទទួលផ្ទះថ្មថ្មី១ខ្នងរួមជាមួយអំណោយសម្រាប់សង្កត់ផ្ទះមួយចំនួនទៀតរួមមាន! អង្ករ ១០០គីឡូក្រាម, មី២កេស,ទឹកត្រី ២យួរ ,ទឹកស៊ីអ៉ីវ ២យួរ ,ត្រីខ២យួរ, ទឹកបរិសុទ្ធ២កេស និងថវិកាមួយចំនួនផងដែរ។ ដោយឡែកលោកយាយ លោកតា និងប្រជាពលរដ្ឋមានជីវភាពទីទ័លក្រ ដែលរស់នៅភូមិផងរបងជាមួយចំនួន ២២គ្រួសារ និងប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់៤៣គ្រួសារ ដោយមួយគ្រួសារទទួលបានអង្ករ ២៥គីឡូក្រាម, មី១កេស,ទឹកត្រី ១យួរ ,ទឹកស៊ីអ៊ីវ ១យួរ ,ត្រីខ១យួរ, ទឹកបរិសុទ្ធ១កេស និងឃីត១កញ្ចប់ផងដែរ៕





ដោយ ៖ សាលី

Post a Comment (0)
Previous Post Next Post