បាត់ដំបង ៖ បន្ទាប់ពីទទួលបានពត៌មានដែលភ្ញៀវបង្ហោះពីបញ្ហាប្រឈមនៅលើភ្នំសំពៅ
នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ ក្រុមការងារមន្ទីរទេសចរណ៍ខេត្ត
បានសហការជាមួយរដ្ឋបាលស្រុក កម្លាំងអធិការស្រុក រដ្ឋបាលឃុំ
និងកម្លាំងប្រជាការពារចុះសាកសួរពត៌មានលម្អិត និងបានណែនាំដល់បងប្អូនប្រជាពលរដ្ឋ
អាជីវករលក់ដូរ ឱ្យបញ្ឈប់ជាបន្ទាន់នូវសកម្មភាពទាំងឡាយណាដែលធ្វើឱ្យប៉ះពាល់ដល់ទេសចរ។
ក្នុងឱកាសចុះពិនិត្យនេះដែរ
ក្រុមការងារបានធ្វើការណែនាំដល់ប្រជាពលរដ្ឋនិងអាជីវករនៅលើភ្នំសំពៅឱ្យអនុវត្ត
ដោយ/ទី១-ត្រូវសម្អាតអនាម័យ ទុកដាក់និងវេចខ្ចប់សម្រាមឱ្យបានត្រឹមត្រូវ និងត្រូវយកសម្រាមចេញពីលើកំពូលភ្នំពេលលក់ដូររួចជាប្រចាំ
,/ទី២-ត្រូវបញ្ឈប់សកម្មភាពដេញដណ្តើមភ្ញៀវអនាធិបតេយ្យ
/ទី៣-ត្រូវបញ្ឈប់រាល់សកម្មភាពបង្ខិតបង្ខំភ្ញៀវឱ្យទិញ ឬសុំលុយពីភ្ញៀវ
ដោយផ្ទាល់ឬប្រយោលគ្រប់រូបភាព /ទី៤-ត្រូវបញ្ឈប់ការប្រើប្រាស់កន្លែងបន្លំរូបភាពសាសនា
ដើម្បីកេងប្រយោជន៍បុគ្គល /ទី៥-មិនអនុញ្ញាតឱ្យក្មេងៗលេងប្រលែងគ្នា
ស្រែកឡូឡាបង្កភាពអនាធិបតេយ្យ និងប៉ះពាល់ដល់តម្លៃនៃតំបន់បេតិកភណ្ឌ
ឬឱ្យក្មេងៗដើរសុំប្រាក់ពីភ្ញៀវទៀតឡើយ /ទី៦-ត្រូវរៀបចំសណ្តាប់ធ្នាប់តូប
ពង្រីកផ្លូវសម្រាប់ភ្ញៀវធ្វើដំណើរឱ្យបានស្រួល /ទី៧-ត្រូវរួមគ្នាថែរក្សាទ្រព្យសម្បត្តិសាធារណៈ
អនាម័យ និងបរិស្ថាន។
មន្ត្រីជំនាញបានបញ្ជាក់ថា
ក្នុងករណីនៅមានបញ្ហាអវិជ្ជមានទៀតមន្ទីរទេសចរណ៍ខេត្ត
នឹងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចអនុវត្តវិធានការដោយគ្មានការលើកលែង។
ជាមួយគ្នានេះដែរ មន្ទីរទេសចរណ៍ក៏បានអំពាវនាវសូមអោយបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរមេត្តាជួយសហការផ្តល់ពត៌មានពីបញ្ហា ឬសំណូមពរនានានៅតាមតំបន់រមណីយដ្ឋាន គោលដៅទេសចរណ៍ទូទាំងខេត្តបាត់ដំបង មកកាន់ផេកមន្ទីរទេសចរណ៍ខេត្តបាត់ដំបង-Battambang Provincial Department of Tourism ឬទំនាក់ទំនងមកកាន់លេខទូរស័ព្ទ 070 711 007/ 061 711 007 ៕
ដោយ ៖ សាលី




