បាត់ដំបង ៖ កាលពីព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦
ឯកឧត្តម សុខ លូ
អភិបាលនៃគណៈអភិបាលខេត្តនិងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងព្រមទាំងសហការី
បានអញ្ចើញជួបសំណេះសំណាលសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌របស់សប្បុរសជនតាមរយៈសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង
ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះចំនួន ៤០៥គ្រួសារ មកពីស្រុកចំនួន ៣
ក្នុងនោះស្រុកគាស់ក្រឡចំនួន ៩៩ខ្នង ,ស្រុកមោងឬស្សី ១៣៤ខ្នង
និងស្រុករុក្ខគីរី ចំនួន ១៧២ខ្នង។
នាឱកាសនោះ ឯកឧត្តម សុខ លូ
បានផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ប្រធានកាកបាទក្រហមកម្ពុជាដែលជានិច្ចកាលសម្តេចតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋរងគ្រោះ
និងងាយរងគ្រោះគ្រប់រូប ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា
ឬនិន្នាការនយោបាយណាមួយឡើយ និងបានសម្ដែងការសោកស្ដាយជាពន់ពេកចំពោះការខូចខាតផ្ទះសំបែង
ទ្រព្យសម្បត្តិរបស់បងប្អូនប្រជាពលរដ្ឋដែលនេះជាគ្រោះមហន្តរាយដោយធម្មជាតិ
គ្មាននរណាម្នាក់ចង់ជួបប្រទះឡើយ
ហើយត្បិតតែអំណោយមនុស្សធម៌ដែលបាននាំយកមកចែកជូនបងប្អូននាពេលនេះ
មានចំនួនមិនសមល្មមនឹងការខាតបង់របស់បងប្អូន
តែក៏អាចជួយសម្រាលទុក្ខលំបាករបស់បងប្អូនបានមួយគ្រាផងដែរ ពោលគឺទីណាមានការលំបាកទីនោះមានកាកបាទក្រហមកម្ពុជា
។
ជាមួយគ្នានេះ
ឯកឧត្តមបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នចំពោះ ផ្គរ រន្ទះ
នៅពេលមានភ្លៀងត្រូវបិទទូរទស្សន៍ បិទទូរស័ព្ទ និងស្វែងរកកន្លែងដែលមានសុវត្ថិភាព
ជាពិសេសសូមមេត្តាថែទាំសុខភាពឱ្យបានល្អថែទាំកូនចៅតូចៗត្រូវប្រុងប្រយ័ត្នខ្លាចក្រែងជួបវិបត្តិផ្សេងៗ
ម្យ៉ាងវិញទៀតបើឃើញភាពមិនស្រួលចំពោះសុខភាពត្រូវប្រញាប់ទៅមណ្ឌលសុខភាពឬមន្ទីរពេទ្យដែលនៅជិតបំផុត
ដើម្បីអាចពិគ្រោះឬព្យាបាលបានទាន់ពេលវេលា ។
ឯកឧត្តមបានបញ្ជាក់ថា រយៈពេល៤ខែដើមឆ្នាំ២០២៦នេះ
ខេត្តបាត់ដំបងបានរងផលប៉ះពាល់ដោយខ្យល់កន្រ្តាក់ចំនួន
ក្នុងក្រុងស្រុកទាំង១៤លើឃុំសង្កាត់ចំនួន៦១ និង១៧១ភូមិ
បណ្តាលអោយប៉ះពាល់ផ្ទះប្រជាពលរដ្ឋសរុបចំនួន ១០៤២ខ្នង ស្មើ ១៩៤៤គ្រួសារ រលំទាំងស្រុង
៦១ខ្នង ប៉ះពាល់ធ្ងន់ធ្ងរចំនួន៥១៨ខ្នង និងប៉ះពាល់ដោយអន្លើរចំនួន ៤៥៥ខ្នង ព្រមទាំងខូចខាតសាលា វត្តអារាមហេដ្ឋារចនាសម្ព័ន្ធមួយចំនួនផងដែរ ។
សូមបញ្ជាក់ថា គ្រួសារនីមួយៗទទួលបានអំណោយរួមមាន៖ ,អង្ករ ២៥គីឡូក្រាម ,មី ១កេស ,ទឹកត្រី១យួ ,ទឹកស៊ីអ៉ីវ១យួរ , ទឹកបរិសុទ្ធ ១កេស ,ត្រីខ១០កំប៉ុង ឃីត១កញ្ចប់ (មុង ក្រមា) ដោយឡែកគ្រួសារងគ្រោះរលំទាំងស្រុងបន្ថែម សំពត់តង់១ និងថវិកាមួយចំនួនផងដែរ៕
ដោយ ៖ សាលី








