ផ្ទុះអាវុធច្រើនគ្រាប់ ក្រោយមានការរារាំងសមត្ថកិច្ចមិនឱ្យចាប់ខ្លួន អ្នកទទួលផលចោរកម្មនៅកំពង់ស្ពឺ
សារព័ត៌មាន​ ខ្មែរពិត (www.sapormeankhmerpit.com.kh) Phone +85569690578 ។​ សូមអរគុណ...!

ផ្ទុះអាវុធច្រើនគ្រាប់ ក្រោយមានការរារាំងសមត្ថកិច្ចមិនឱ្យចាប់ខ្លួន អ្នកទទួលផលចោរកម្មនៅកំពង់ស្ពឺ

កំពង់ស្ពឺ ៖ សមត្ថកិច្ចបានបង្ខំចិត្តបំផ្ទុះអាវុធជាច្រើនគ្រាប់ដើម្បីបំបែកហ្វូងមនុស្ស គ្រាដែលធ្វើការរារាំងមិនឱ្យសមត្ថកិច្ចចាប់ខ្លួនអ្នកទទួលផលចោរកម្មម្នាក់នៅក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ កាលពីអាធ្រាតថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦។

 

យោងតាមសម្តីរបស់សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា កម្លាំងនគរបាលជំនាញខេត្តព្រៃវែងបានពន្លាតដែនសមត្ថកិច្ចដោយសហការជាមួយកម្លាំងមូលដ្ឋានស្រុកដើម្បីចាប់ខ្លួនមុខសញ្ញាទទួលផលចោរកម្ម។នៅក្នុងប្រតិបត្តិការកម្លាំងជំនាញបានឃាត់ខ្លួនបុរសម្នាក់ដែលជាអ្នកទទួលផលចោរកម្ម ក្រោយនាំខ្លួនចូលក្នុងរថយន្តស្រាប់តែមានហ្វូងមនុស្សបានធ្វើការឡោមព័ទ្ធនិងបានយករនាំងដែកមកបិទរថយន្តខាងលើមិនឱ្យចេញនិងហ្វូងមនុស្សបានបិទផ្លូវមិនឱ្យរថយន្តសមត្ថកិច្ចចាកចេញនិងរថយន្តផ្សេងទៀតធ្វើដំណើរបាន។

 

សកម្មភាពនៃហ្វូងមនុស្សបានកកកុញធ្វើឱ្យរថយន្តសមត្ថកិច្ចជាប់គាំងជាច្រើនម៉ោង មិនអាចចេញពីកន្លែងប្រតិបត្តិការបាន ដោយស្ថានភាពតានតឹងកាន់តែខ្លាំងនិងមានហ្វូងមនុស្សគ្រោងធ្វើរំដោះអ្នកទោស សមត្ថកិច្ចបានបង្ខំចិត្តផ្ទុះអាវុធជាច្រើនគ្រាប់ ដើម្បីបំបែកហ្វូងមនុស្សទាំងនោះ ទីបំផុតសមត្ថកិច្ចក៏បាននាំខ្លួនជនល្មើសចេញពីហ្វូងមនុស្សទាំងនោះបាន។

 

សូមបញ្ជាក់ថា នៅចំពោះមុខសមត្ថកិច្ចអ្នកទទួលផលចោរកម្មបានសារភាពថា ឡានHyundai ដែលខ្លួនបានទទួលទិញពីជនល្មើសក្នុងតម្លៃ ១៦០០ដុល្លារ ហើយខ្លួនបានលក់បន្ត បានប្រមាណ២៣០០ដុល្លារ ដោយបំបែកលក់ជាគ្រឿង។កន្លងមកខ្លួនតែងតែទទួលទិញគ្រប់រថយន្តដែលគ្មានឯកសារ ទោះដឹងថារថយន្តនោះបានមកពីការលួចក៏ដោយ ហើយបំបែកលក់ជាគ្រឿងបន្លាស់ទៅវិញ។

 

សមត្ថកិច្ចបញ្ជាក់ថា ផ្តើមចេញពីកន្លែងនេះហើយ ដែលកម្លាំងនគរបាលខេត្តព្រៃវែង សហការជាមួយកម្លាំងនគរបាលខេត្តកំពង់ស្ពឺ បានស្រាវជ្រាវករណីចោរលួចឡានមួយគ្រឿងនៅស្រុកពាមរក៏ ហើយឈានដល់ការចាប់ខ្លួនជនសង្ស័យនៅភូមិអង្គរោង ឃុំមហាឬស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ រហូតកើតបាតុភាពប្រជាពលរដ្ឋ ទៅឡោមព័ទ្ធឡានរបស់នគរបាលដែលដឹកជនល្មើស ដើម្បីចង់រំដោះយកចេញ នៅយប់ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦។ដោយសារតែប្រជាពលរដ្ឋ តវ៉ាកាន់តែខ្លាំង ហើយឈានដល់ការបិទផ្លូវ ចាក់បំបែកកង់ឡាន និងវាយឡានរបស់នគរបាលបណ្តាលឱ្យខូចខាតទៀតនោះ ទើបកម្លាំងបានសម្រេចផ្ទុះអាវុធឡើងលើ ដើម្បីបំបែកក្បួនតវ៉ាតែម្តង។ក្នុងនោះសមត្ថកិច្ចបានឃាត់ខ្លួនមនុស្ស៣នាក់១-ឈ្មោះ​ កែវ​ ដារ៉ូ​ ភេទប្រុស​ អា​យុ​ ៣០ឆ្នាំ​ មុខរបរទិញលក់រថយន្ដ​ អ្នកទទួលផលចោរកម្ម, ២-ឈ្មោះ​ ថាត​ តេងណេង​ ភេទប្រុស​ អាយុ​ ២៦ឆ្នាំ​ អ្នករារាំង, ៣-ឈ្មោះ​ ហួន​ ង៉ែត​ ភេទប្រុស​ អាយុ​ ៥៦ឆ្នាំ​ អ្នករារាំង​ ។

 

សូមរំលឹកថា នៅវេលាម៉ោង ៤៖៣១នាទីទៀបភ្លឺថ្ងៃ២៥ ខែមីនា ឆ្នាំ២០២៦ មានករណីចោរលួចរថយន្តមួយគ្រឿងម៉ាក Hyundai ពាក់ស្លាកលេខភ្នំពេញ 3D-0908 ស្ថិតនៅភូមិពន្លៃ ឃុំព្រៃកណ្តៀង ស្រុកពាមរក៏ ខេត្តព្រៃវែង។ក្រោយទទួលបានសេចក្តីរាយការណ៍ និងពាក្យបណ្តឹងរបស់ជនរងគ្រោះម្ចាស់ឡាន, កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌ នៃស្នងការនគរបាលខេត្ត សហការជាមួយកម្លាំងនគរបាលមូលដ្ឋាន ក្រោមការបញ្ជាពីលោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្ត សហការជាមួយកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ និងនគរបាលខេត្តកំពង់ស្ពឺ ក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រៃវែង និងខេត្តកំពង់ស្ពឺ បានបើកប្រតិបត្តិការស្រាវជ្រាវ ហើយឈានដល់ការចាប់ខ្លួនជនល្មើសនៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦នេះ នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ។














 

ដោយ ៖ មាស សំអូន


Post a Comment (0)
Previous Post Next Post