ប៉ៃលិន ៖ លោកជំទាវ បាន ស្រីមុំ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន បានដឹកនាំកំម្លាំងចម្រុះ ចុះបង្ក្រាបទីតាំងសង្ស័យមួយកន្លែងដែលទើបតែលួចចូលប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ស្ថិតនៅភូមិសាស្ត្រឆ្ងាយពីទីប្រជុំជន ក្នុងឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានឃាត់ខ្លួនជនបរទេសជាច្រើន នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ ។
ការចុះបង្ក្រាបករណីនេះ ធ្វើឡើងដោយមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តប៉ៃលិន
ដោយសារក្រុមជនសង្ស័យបានលួចលាក់រក្សាទុកឧបករណ៍បម្រើឱ្យអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
Online Scams និងការស្នាក់នៅខុសច្បាប់
ដែលផ្ទុយនឹងអនុក្រឹត្យលេខ ០៣ ស្តីពីការគ្រប់គ្រង សន្តិសុខ សុវត្ថិភាព
តាមទីតាំងរស់នៅប្រមូលផ្តុំ
ដោយបច្ចុប្បន្នអាជ្ញាធរបានសម្រេចបិទឃ្លុំទីតាំងនោះជាបណ្ដោះអាសន្ន
រួមនឹងវត្ថុតាងទាំងអស់ត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្ត ដើម្បីបន្តការសាក
សួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការតាមនីតិវិធីច្បាប់។
បើតាមការបញ្ជាក់របស់លេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បានឱ្យដឹងថា យុទ្ធនាការបោសសម្អាត Online Scams នៅទូទាំងប្រទេស គិតចាប់ពីឆ្នាំ២០២៥ រហូតដល់សប្តាហ៍ទី២ ខែមីនា ឆ្នាំ២០២៦នេះ សមត្ថកិច្ចនិងអាជ្ញាធររាជធានី-ខេត្ត បានបង្ក្រាបនិងបិទខ្ទប់ (Sealed) ទីតាំងសរុបចំនួន២៣៦កន្លែង ក្នុងនោះមានទីតាំងកាស៊ីណូ៩១កន្លែង និងប្រភេទបុរី វីឡា ខុនដូ លំនៅឋាន ចំនួន១៤៥កន្លែង ហើយបើយោងតាមរបាយការណ៍របស់ក្រសួងយុត្តិធម៌ ក្នុងរយៈពេល ៨ខែចុងក្រោយនេះ តុលាការកម្ពុជាបានអនុវត្តនីតិវិធីផ្លូវច្បាប់លើសំណុំរឿងពាក់ព័ន្ធនឹងការឆបោកអនឡាញសរុបចំនួន ៧៩សំណុំរឿង ដោយផ្តន្ទាទោសមេខ្លោង និងបក្ខពួកចំនួន៦៩៧នាក់ (មានច្រើនសញ្ជាតិ រួមទាំងសំណុំរឿងធំៗដូចជា ចេន ស៊ី និង លី គួង ជាដើម) ៕



