ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦
សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) បានរៀបចំវេទិកាពិភាក្សាប្រចាំឆ្នាំ
ជាមួយចាងហ្វាងសារព័ត៌មាន ជាសមាជិក ក្រោមប្រធានបទ “ច្បាប់
និងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន”។
ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោកបណ្ឌិត ទូច វណ្ណៈ
ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ និងលោក ឡុង ឆ័យណាវ
ប្រធានក្រុមប្រឹក្សាភិបាលសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ
ដោយមានការចូលរួមចាងហ្វាងអង្គភាពសារព័ត៌មាន ចំនួន ៦៨អង្គភាព។
វេទិកានេះ
ត្រូវបានរៀបចំឡើងក្នុងគោលដៅយុទ្ធសាស្ត្រសំខាន់ៗ រួមមាន ៖ ពង្រឹងការយល់ដឹងផ្នែកច្បាប់
៖ បញ្ជ្រាបចំណេះដឹងអំពីច្បាប់ពាក់ព័ន្ធ ដើម្បីឱ្យអ្នកសារព័ត៌មាន
អាចបញ្ចៀសបាននូវរាល់បញ្ហាផ្លូវច្បាប់នានា, លើកកម្ពស់វិជ្ជាជីវៈ ៖
រម្លឹកអំពីសារសំខាន់នៃការប្រកាន់ខ្ជាប់ក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន
ដើម្បីធានាតម្លៃ និងជំនឿទុកចិត្តពីសាធារណជន, ពង្រឹងការផ្សព្វផ្សាយតែព័ត៌មានពិត
និងចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ, ជំរុញការបង្កើនការផ្សព្វផ្សាយព័ត៌មានពីសមិទ្ធផលនានារបស់រាជរដ្ឋាភិបាល
ក្រសួង ស្ថាប័ន ថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ, បំផុសចលនាលេងល្បែងប្រជាប្រិយខ្មែរ
ពិសេសក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។
ថ្លែងក្នុងពិធីបើកអង្គវេទិកា នាឱកាសនោះ លោកបណ្ឌិត
ទូច វណ្ណៈ បានបង្ហាញក្តីបារម្ភ និងការសោកស្តាយចំពោះអ្នកសារព័ត៌មានមួយចំនួន
ដែលបានប្រឈមមុខនឹងចំណាត់ការតុលាការ ដោយសារការផ្សព្វផ្សាយខ្វះការប្រុងប្រយ័ត្ន។
លោកបណ្ឌិត បានសង្កត់ធ្ងន់លើចំណុចគន្លឹះ ចំនួន ៣៖ ទី១. ការគោរពក្រមសីលធម៌ ៖
ត្រូវផ្សព្វផ្សាយតែព័ត៌មានពិត និងមានប្រភពច្បាស់លាស់។ ទី២.
ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ៖
ចូលរួមទប់ស្កាត់រាល់ខ្លឹមសារដែលបង្កចលាចលក្នុងសង្គម។ ទី៣.
ការផ្សព្វផ្សាយសមិទ្ធផលជាតិ៖ ចូលរួមចំណែកបង្ហាញពីវឌ្ឍនភាព និងសមិទ្ធផលនានារបស់រាជរដ្ឋាភិបាល
នីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។
ថ្លែងក្នុងឱកាសនោះដែរ លោកបណ្ឌិត ទូច វណ្ណៈ
ក៏បានលើកទឹកចិត្តដល់គ្រប់អង្គភាពសារព័ត៌មានទាំងអស់ ឱ្យបង្កើនការផ្សព្វផ្សាយអប់រំ
លើប្រធានបទសំខាន់ៗដូចជា ៖ សុវត្ថិភាពចរាចរណ៍ផ្លូវគោក និងការបង្ក្រាបបទល្មើសគ្រឿងញៀន,
ការយល់ដឹងអំពីបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams), ការជំរុញគោលនយោបាយ
“ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព” ដើម្បីលើកកម្ពស់សុខុមាលភាពសង្គម
នៅតាមមូលដ្ឋាន។
វេទិកានេះបានបញ្ចប់ទៅក្នុងបរិយាកាសរីករាយ
និងស្និទ្ធស្នាលបំផុត
ដោយទទួលបានការប្តេជ្ញាចិត្តខ្ពស់ពីសំណាក់ចាងហ្វាងសារព័ត៌មានទាំងអស់
ក្នុងការអនុវត្តការងារឱ្យស្របតាមច្បាប់ និងវិជ្ជាជីវៈ៕







