សៀមរាប ៖ ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ និងលោកជំទាវ ក្នុងស្មារតីសាមគ្គីភាព និងការចែករំលែកមនោសញ្ចេតនាពីចម្ងាយ បាននាំយកអំណោយមនុស្សធម៌ដ៏ថ្លៃថ្លារបស់បងប្អូនសហគមន៍ខ្មែរដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅសាធារណរដ្ឋកូរ៉េ ដើម្បីចែកជូនដល់បងប្អូនប្រជាពលរដ្ឋភៀស សឹក និងគ្រួសារវីរកងទ័ពកម្ពុជា ចំនួន ៣៦៧ គ្រួសារ (ស្មើនឹង ១,០៧៦ នាក់)។
ពិធីប្រគល់ និងទទួលអំណោយមនុស្សធម៌នេះ
បានប្រព្រឹត្តទៅកាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៦ ស្ថិតនៅមណ្ឌលសុវត្ថិភាព
វត្តប្រាសាទបូទុមមោង ឃុំមោង ស្រុកស្រីស្នំ ខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងការបរទេស
និងសហប្រតិបត្តិការអន្តរជាតិ លោកលី សារី អភិបាលរងខេត្តសៀមរាប អាជ្ញាធរមូលដ្ឋាន
ព្រមទាំងតំណាងសហគមន៍ខ្មែរនៅសាធារណរដ្ឋកូរ៉េផងដែរ។
ឯកឧត្តម ឃួន ផុនរតនៈ បានពាំនាំនូវប្រសាសន៍សាកសួរសុខទុក្ខ
និងការគិតគូរពីសំណាក់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល កម្ពុជា
ព្រមទាំងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនសហគមន៍ខ្មែរនៅសាធារណរដ្ឋកូរ៉េ
ដែលទោះបីស្ថិតនៅឆ្ងាយពីមាតុភូមិ ប៉ុន្តែនៅតែរក្សាទឹកចិត្តសប្បុរសធម៌ ជួយសម្រាលទុក្ខលំបាក
ដល់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន ជាពិសេសគ្រួសារភៀសសឹក
និងវីរកងទ័ពដែលបានលះបង់ដើម្បីបុព្វហេតុជាតិមាតុភូមិ ។
អំណោយ ដែល ផ្តល់ ជូន គ្រួសារពលរដ្ឋ ភៀស សឹក នីមួយៗទទួលបាននូវគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ចាំបាច់ រួមមាន៖ អង្ករ ២៥គីឡូក្រាម, តង់ខៀវ (៤x៦) ០១, ត្រីខកំប៉ុង ០១យួរ, ទឹកស៊ីអ៊ីវ ០១យួរ និងមីជាតិ ០១កេស ដើម្បីជួយសម្រាលបន្ទុកជីវភាពប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ ៕













