បន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋភៀសសឹក ចំនួន ២៩៣៤គ្រួសារ ដែលបានរស់នៅបណ្ដោះអាសន្ន នៃជំរំជនភៀសសឹក ៣ទីតាំង ស្ថិតនៅក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ទទួលអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្ដម យូ ឡាណា អគ្គលេខាធិការរងទី២ កាក់បាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ។
ទីតាំងជនភៀសសឹកទាំង៣ទីតាំង រួមាន ៖ ទី១ នៅវត្ត ចាន់ស៊ីសាមគ្គីរតនារាម
នៃភូមិកូបកើត ឃុំកូប ស្រុកអូរជ្រៅ ចំនួន៩៣១គ្រួសារ ទីតាំង, ទី២
នៅវត្តពោធិសូរិយារាម ឃុំកូបស្រុកអូរជ្រៅ ចំនួន៣១៧គ្រួសារ និងទីតាំងទី៣
ស្ថិតនៅវត្តកណ្ដោល ឃុំគោករមៀតស្រុកថ្មពួកចំនួន ១៦៨៦គ្រួសារ ។
ឯកឧត្ដម យូឡាណា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់
សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ សម្ដេចម៉ែ សម្ដេចយាយ
សម្ដេចយាយទួត ព្រះប្រធានកិត្តិយស កាកបាទក្រហមកម្ពុជា
និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល
សម្តេចតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ
ជាជាក់ស្តែងបងប្អូនប្រជាភៀសសឹកកំពុងស្នាក់នៅបណ្ដោះអាសន្នក្នុងជំរំនេះ។
ក្នុងនាមកាកបាទក្រហមកម្ពុជា ឯកឧត្ដម យូ ឡាណា
ក៏បានធ្វើការចូលរួមសោកស្ដាយនៃការបាត់បង់ផ្ទះសម្បែងដីធ្លី
ក៏ដូចជាការហ៊ុមព័ទ្ធរាយបន្លាលួសដាក់ទោសកុងតឺន័រ
ធ្វើឲ្យប្រជាពលរដ្ឋមិនអាចចូលទៅរស់នៅបាន នេះគឺជាការឈ្លានពានរបស់យោធាសៀម
ប៉ុន្តែរាជរដ្ឋាភិបាលបាននិងកំពុងបន្តខិតខំរកដំណោះស្រាយដោយសន្តិវិធី ។
ចុងក្រោយឯកឧត្តមបានធ្វើការផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់
សូមរក្សាអនាម័យទឹកស្អាតហូបស្អាតរស់នៅស្អាតដើម្បីសុខភាពល្អ។
អំណោយមនុស្សធម៌ ដែលបានផ្តល់ជូនក្នុងឱកាសនេះ ក្នុងមួយគ្រួសារទទួលបាន អង្ករ ៣០kg ត្រីខ ១យួរ ទឹកស៊ីអ៊ីវ ១យួរ ទឹកត្រី ១យួរ ប្រេងឆា ១ដប ឆៃពៅ ១កែវ មុង១ ភួយ១ ក្រម៉ា១ សារុង១ និង ថវិកា១ចំនួន ។ ដោយឡែក សម្រាប់ស្ត្រីមានផ្ទៃពោះ ចាស់ជរា ជនពិការ ប្រតិភូកាកបាទក្រហម បានចុះផ្ដល់អំណោយ និងថវិកាជូនដល់ពួកគាត់ រស់នៅក្នុងតង់ផងដែរ ៕













