បាត់ដំបង ៖ យ៉ាងហោចណាស់មនុស្សប្រុសស្រី០៤នាក់បានរងរបួសធ្ងន់ស្រាល
នៅក្នុងហេតុការណ៍ម៉ូតូពីរគ្រឿងបុកគ្នានៅវេលាម៉ោង ១៨និង៣០នាទី ថ្ងៃទី២៩ ខែមីនា
ឆ្នាំ២០២៦ នៅចំណុចផ្លូវកែងមួយកន្លែង ស្ថិតក្នុងភូមិកំពង់សីមា សង្កាត់វត្តគរ
ក្រុងបាត់ដំបង។
ប្រភពនៅកន្លែងកើតហេតុបានអោយដឹងថា
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងរវាងម៉ូតូម៉ាកហុងដា CLICK
ពណ៌សមួយគ្រឿង ពាក់ផ្លាកលេខ បាត់ដំបង1AA-4548
បើកបរដោយបុរសម្នាក់ទិសដៅពីត្បូងទៅជើង ចំណែកម៉ូតូមួយគ្រឿងទៀតម៉ាកហុងដារឌ្រីមពណ៌ខ្មៅ
ពាក់ផ្លាកលេខ តាកែវ1I-2860 បើកបរដោយបុរសម្នាក់
និងអ្នករួមដំណើរមានប្រពន្ធនិងកូនស្រីម្នាក់ សណ្តោងរទេះដឹកដូង ទិសដៅពីជើងទៅត្បូង
លុះមកដល់ចំណុចកើតហេតុបានបុកគ្នាពេញទំហឹងបណ្តាលអោយអ្នកបើកបរទាំងពីរនាក់ខាងលើ
ម្នាក់បាក់ដៃ និងម្នាក់បាក់ភ្លៅ ចំណែកស្ត្រីពីរនាក់ម្តាយនិងកូនរងរបួសស្រាល។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅ ដឹកបញ្ជូនជនរងគ្រោះទាំងបួននាក់ទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យ ចំណែកមធ្យោបាយទាំងពីរត្រូវបានវាស់វែងធ្វើកំណត់ហេតុយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់ ៕
ដោយ ៖ សាលី



