បាត់ដំបង ៖ កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម
ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម
បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែង លោក ខៃ សុដា
ជាប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តបាត់ដំបង ជំនួសលោក ឡុង ផលគុណ
ដែលត្រូវទទួលភារកិច្ចថ្មី។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ
បានថ្លែងនូវការកោតសរសើរចំពោះថ្នាក់ដឹកនាំ
និងមន្ត្រីរាជការក្រោមឱវាទនៃមន្ទីរធនធានទឹកនិងឧតុនិយមខេត្តបាត់ដំបងដែលកន្លងមកបានខិតខំបំពេញការងារអស់ពីសមត្ថភាពតាមជំនាញនីមួយៗ
ព្រមទាំងបានបំពេញការងារជូនអង្គភាពរហូតសម្រេចបានលទ្ធផលគាប់ប្រសើរ ទោះបីនៅមានបញ្ហាប្រឈមមួយចំនួនដែលនៅសេសសល់ក៏ដោយក៏យើងនឹងរួមគ្នាដោះស្រាយបញ្ហាប្រឈមទាំង
អស់នោះដើម្បីគ្រប់គ្រងវិស័យធនធានទឹក និងឧតុនិយមក្នុងខេត្ត
សហការរៀបចំប្រព័ន្ធប្រឡាយទឹកតូចធំ គ្រប់គ្រងទឹកបានល្អ និងផ្គត់ផ្គង់ទឹកប្រើប្រាស់
និងបង្កបង្កើនផលបានតាមរដូវ ដែលស្របទៅតាមគោល នយោបាយ
និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា។
ឯកឧត្តម
ក៏បានណែនាំលោកប្រធានមន្ទីរថ្មីព្រមទាំងមន្ត្រីរាជការនៃមន្ទីរធនធានទឹក និងឧតុនិយម
ត្រូវបន្តក្ដាប់ឱ្យបាននូវគោលនយោបាយ ច្បាប់
និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធថ្មីបន្ថែម និងត្រូវអនុវត្តឱ្យបានត្រឹមត្រូវបំផុតនូវលិខិតបទដ្ឋានគតិយុត្ត
គោលការណ៍ណែនាំរបស់ក្រសួង និងការចង្អុលបង្ហាញរបស់រដ្ឋបាលខេត្ត
ពិសេសរក្សាឱ្យបាននូវសាមគ្គីផ្ទៃក្នុង ប្រកបដោយគណនេយ្យភាព
និងព្រហ្មវិហារធម៌ប្រកាន់ខ្ជាប់នូវសច្ចភាព តម្កល់ផលប្រយោជន៍ស្ថាប័ន និងអង្គភាពជាធំ
ចំពោះមន្ត្រីក្រោមឱវាទត្រូវគោរពវិន័យ និងបទបញ្ជាថ្នាក់លើប្រកបដោយភាពស្មោះត្រង់
និងគោរពប្រយោជន៍សមូហភាព។
ជាមួយគ្នានេះ ឯកឧត្តម ថោ ជេដ្ឋា
បានណែនាំដល់ប្រធានមន្ទីរថ្មីត្រូវយកចិត្តទុកដាក់លើការផ្ដល់ដំណឹងទុកជាមុនដល់ប្រជាពលរដ្ឋនូវព័ត៌មានពាក់ព័ន្ធស្ថានភាពអាកាសធាតុ
និងឧតុនិយម ខណៈការទទួលបានព័ត៌មានជាមុនពិតជាមានសារសំខាន់ខ្លាំងណាស់សម្រាប់ប្រជាពលរដ្ឋ
ជាពិសេសកសិករ។
ឯកឧត្តម បានស្នើប្រធានមន្ទីរទើបតែងតាំងថ្មីត្រូវបំពេញភារកិច្ចឱ្យកាន់តែប្រសើរឡើងដោយប្រកាន់ខ្ជាប់នូវគោលការណ៍សមូហភាពដឹកនាំ បុគ្គលទទួលខុសត្រូវ ព្រមទាំងពង្រឹងសាមគ្គីភាពផ្ទៃក្នុង ក្រមសីលធម៌វិជ្ជាជីៈ បង្កើនកិច្ចសហការជិតស្និទជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់និងដៃគូអភិវឌ្ឍន៍ដោយតម្កល់ផលប្រយោជន៍ជាតិនិងប្រជាជនជាធំ និងសំណូមពរដល់មន្រ្តីរាជការ អាជ្ញាធរដែនដី និងបងប្អូនប្រជាពលរដ្ឋត្រូវចូលរួមទាំងអស់គ្នាក្នុងការថែរក្សាហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធធារាសាស្រ្តដើម្បីប្រើប្រាស់បានយូរអង្វែងសម្រាប់ជាប្រយោជន៍រួម៕
ដោយ ៖ សាលី








