បាត់ដំបង៖ នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦នេះ
ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបងបានអញ្ជើញជួបសំណេះសំណាល
និងជូនដំណើរយោធិនថ្មីនៃកងរាជអាវុធហត្ថទើបជ្រើសរើសថ្មីជាប់ជាស្ថាពរចំនួន២៦នាក់
ដើម្បីចូលហ្វឹកហ្វឺននៅវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល។
ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ
បានចាត់ទុកការហ្វឹកហាត់ពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់កងទ័ពក្នុងការក្រេបយកចំណេះជំនាញដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួន
និងបម្រើអង្គភាព
ដូច្នេះយោធិនទាំងអស់ត្រូវខិតខំហ្វឹកហាត់ឱ្យបានចប់តាមកម្មវិធីរបស់សាលាដើម្បីយកចំណេះជំនាញនោះមកបម្រើជាតិ
និងប្រជាជនឱ្យបានល្អប្រសើរ។
ឯកឧត្តមអភិបាលខេត្តបានសង្កត់ធ្ងន់ឱ្យបងប្អូនប្រជាពលរដ្ឋត្រូវមានស្មារតីស្នេហាជាតិរួមគ្នាជាធ្លុងមួយ
ក្រោមការដឹងនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា
និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលសម្តេចជាថ្នាក់ដឹកនាំតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅគ្រប់កាលៈទេសៈ។
បន្ថែមពីនេះឯកឧត្តម បានក្រើនរំលឹកដល់យោធិនថ្មីត្រូវគោរពឱ្យបានដាច់ខាតនូវវិន័យរបស់សាលា បទបញ្ជារបស់កងកម្លាំង ក៏ដូចជាបទបញ្ជារបស់រាជរដ្ឋាភិបាល ជាពិសេសប្រជាពលរដ្ឋ និងយោធិនទាំងអស់ត្រូវចៀសឆ្ងាយពីគ្រឿងញៀន និងត្រូវរាយការណ៍ករណីគ្រឿងញៀនតាមកម្មវិធីទូរស័ព្ទដៃApp NoDrug ដែលជាមធ្យោបាយលឿនរហ័ស សុវត្ថិភាព និងរក្សាការសម្ងាត់១០០% រួមគ្នាកំចាត់បញ្ហាគ្រឿងញៀនឱ្យអស់ពីសង្គម ៕
ដោយ ៖ សាលី









