ព្រះវិហារ ៖ នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ លោក
សំ លាងទ្រី សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តព្រះវិហារ
និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកឆែប បានដឹកនាំកិច្ចប្រជុំ«ផ្សព្វផ្សាយរបាយការណ៍ ស្តីពីសភាពការណ៍ទូទៅ និងការងារគណបក្សប្រចាំឆ្នាំ២០២៥
និងទិសដៅភារកិច្ចឆ្នាំ២០២៦ របស់គណៈកម្មាធិការកណ្តាល»នៅសាលប្រជុំស្នាក់ការគណបក្សស្រុកឆែប
។
នៅក្នុងឱកាសនេះ លោក សំ លាងទ្រី
បានថ្លែងនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីលោក ម៉ៅ សុផាន់
ប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ
ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ លោក គីម រិទ្ធី អនុប្រធានគណបក្សខេត្ត
ជូនសមាជិក សមាជិកា គណបក្សដែលមានវត្តមាននៅទីនេះ។
លោកក៏បានសម្តែងនូវអំណរគុណចំពោះ សមាជិក សមាជិកា
គណបក្សទូទាំងស្រុកឆែប ដែលបានបន្ត គាំទ្រ រក្សាគោលជំហរ សតិអារម្មណ៍ហ្នឹងនរ
និងជឿជាក់លើការដឹកនាំដ៏ឈ្លាសវៃរបស់គណបក្សប្រជាជនកម្ពុជា ដែលមាន សម្តេចតេជោ ហ៊ុន
សែន ជាប្រធានគណបក្ស។
លោក សំ លាងទ្រី ក៏បានថ្លែងកោតសរសើរ
និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ
ព្រមទាំងមន្រ្តីគណបក្សគ្រប់លំដាប់ថ្នាក់
ដែលជានិច្ចកាលតែងបានរួមសហការអនុវត្តតាមការអំពាវនាវ
និងការណែនាំចង្អុរបង្ហាញពីថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់
ពិសេសការចុះចិញ្ចឹមចលនានៅមូលដ្ឋានរហូតដល់ដណ្តើមបានជ័យជម្នះដ៏ត្រចះត្រចង់
ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់
និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ជាបន្តបន្ទាប់គ្រប់អាណត្តិកន្លងមក។
លោកថ្លែងបន្តថា គណបក្សប្រជាជនកម្ពុជា
គឺជាកម្លាំងនយោបាយតែមួយគត់
ដែលរួមសុខរួមទុក្ខជាមួយប្រជាជននៅគ្រប់កាលៈទេសៈដោយប្រកាន់ខ្ជាប់នូវគោលបំណង
និងឧត្តមគតិរបស់ខ្លួន គឺប្រមូលកម្លាំងប្រជាជាតិទាំងមូលដោយមិនប្រកាន់ពូជសាសន៍
ពណ៌សម្បុរ ភេទ ភាសា ជំនឿសាសនា និន្នាការនយោបាយ អតីតកាល ឬឋានៈសង្គម
ដើម្បីកសាងប្រទេសកម្ពុជា ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត
និងវឌ្ឍនភាពសង្គម។
លោក សំ លាងទ្រី ក៏បានថ្លែងបញ្ជាក់ប្រាប់សមាជិក
សមាជិកា ចំពោះស្ថានការណ៍នៅតាមព្រំដែន ដែលបង្ករដោយយោធាឈ្លានពានថៃ
រាជរដ្ឋាភិបាលកម្ពុជាយើងបានប្រកាន់ជំហរអត់ធ្មត់ប្រកបដោយសុឆន្ទៈ និងភាពស្មោះត្រង់
ខិតខំដោះស្រាយបញ្ហាព្រំដែនជាមួយថៃ
ដោយសន្តិវិធីតាមគ្រប់យន្តការនិងស្របតាមច្បាប់អន្តរជាតិ
ពិសេសបានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវបទឈប់បាញ់ ដែលបានព្រមព្រៀងគ្នានៅថ្ងៃទី២៨
ខែកក្កដា ឆ្នាំ២០២៥ និងសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ ថ្ងៃទី២៦ ខែតុលា
ឆ្នាំ២០២៥។
លោកបានថ្លែងនូវការគោរពដឹងគុណ និងគាំទ្រដោយឥតងាករេចំពោះការដឹកនាំប្រកបដោយគតិ បណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ព្រមទាំងវីរកងទ័ព និងកងកម្លាំងនគរបាលទាំងអស់ ដែលបាននិងកំពុងបំពេញភារកិច្ចការពារបូរណភាពទឹកដី នៅតាមខ្សែបន្ទាត់ព្រំដែនជាមួយប្រទេសជិតខាងប្រកប ដោយជំហរលះបង់ និងការប្ដេជ្ញាចិត្តយ៉ាងមោះមុតបំផុត៕
ដោយ ៖ រ៉ាស៊ី










