ក្នុងកិច្ចប្រជុំនេះមានរបៀបវារៈដូចជា ៖ ១.ពិនិត្យ
និងអនុម័តសេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី ២០
របស់ក្រុមប្រឹក្សាខេត្តប៉ៃលិន អាណត្តិទី៤, ២.ពិនិត្យ
និងអនុម័តសេចក្តីព្រាងរបាយការណ៍ ស្តីពីការអនុវត្តការងារ ប្រចាំខែមករា ឆ្នាំ២០២៦
និងទិសដៅការងារបន្ត របស់រដ្ឋបាលខេត្តប៉ៃលិន, និង
៣.បញ្ហាផ្សេងៗ។
ក្រោយពីបានស្តាប់ការលើកឡើងពីរបៀបវារៈ
និងបញ្ហាសំខាន់ៗក្នុងកិច្ចប្រជុំរួចមក លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល
នៃគណៈអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ក្រើនរំលឹកមន្ទីរជំនាញស្ថាប័នជុំវិញខេត្ត
និងអាជ្ញាធរ ក្រុង/ ស្រុក ត្រូវមើលឡើងវិញ នូវរាល់បញ្ហានាពេលកន្លងមក
មិនត្រូវទុកចោលនោះទេ គឺត្រូវដោះស្រាយជូនពលរដ្ឋឱ្យ បានទាន់ពេលវេលា
ជាពិសេសត្រូវយកចិត្តទុក្ខដាក់ខ្ពស់ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនពលករ
ដែលទើប វិល ត្រឡប់មកពីប្រទេសថៃ
ព្រមទាំងសហការគ្នាជួយសម្របសម្រួលរកការងារជូនពួកគាត់ផងដែរ។
លោកជំទាវបណ្ឌិតអភិបាលខេត្ត ក៍បានមានប្រសាសន៍កោតសរសើរ
ដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំង ប្រដាប់ អាវុធទាំង ៣ប្រភេទ
ដែលកន្លងមកបានសហការគ្នាធ្វើការងារ តាមតួរនាទីភារៈកិច្ច ប្រកបដោយការទទួលខុស
ត្រូវខ្ពស់ជាពិសេសបានចូលរួមក្នុងការការពារបូរណៈភាពទឹកដី, ថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ, ការបម្រើ
សេវាសាធារណៈនានាបានល្អប្រសើ និងបានកសាងសមិទ្ធផលនានា
នៅតាមមូលដ្ឋានឱ្យលេចឡើងជារូបរាង ដែលជា ការរួមចំណែកឲ្យខេត្តប៉ៃលិន
យើងមានភាពរីកចម្រើន ស្របតាមគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា
ដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
មានប្រសាសន៍បូកសរុបក្នុងកិច្ចប្រជុំ ឯកឧត្តម ជា
ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្តប៉ៃលិន បានមានប្រសាសន៍ កោតសរសើរ និងវាយតម្លៃខ្ពស់
ចំពោះរដ្ឋបាលខេត្តប៉ៃលិន ដែលមានលោកជំទាវបណ្ឌិត បាន ស្រីមុំ ជាអភិបាលខេត្ត
បានខិតខំប្រឹងប្រែងធ្វើការដោះស្រាយនូវរាល់បញ្ហានានា ជូនដល់ប្រជាពលរដ្ឋ
និងការអនុវត្តនូវគោលនយោបាយភូមិ/ឃុំ មានសុវត្តិភាព
នៅតាមមូលដ្ឋានប្រកបដោយប្រសិទ្ធិភាពខ្ពស់ និងបានធ្វើការអភិវឌ្ឍខេត្ត
ឱ្យមានការរីកចំរើនជាបន្ត បន្ទាប់គួរជាទីមោទន ដែលធ្វើអោយភ្ញៀវជាតិ
និងអន្តរជាតិមកកំសាន្ត មានការស្ងើចសសើរមិនដាច់ពីមាត់ ចំពោះការ កែប្រែមុខមាត់ថ្មី
របស់ខេត្តប៉ៃលិន ជាពិសេសបានជួយសម្របសម្រួលដោះស្រាយបញ្ហាជូនប្រជាពលករ ដែលវិញត្រឡប់
មកពីប្រទេសថៃ តាមច្រកទ្វារព្រំដែនអន្តរជាតិព្រំ និងបានស្វះស្វែងទំនាក់ទំនងជាមួយក្រុមហ៊ុនរកការងារជូនបងប្អូន
ពលករទាំងនោះផងដែរ។
នៅក្នុងឱកាសនោះផងដែរ ឯកឧត្តមប្រធានក្រុមប្រឹក្សា ក៍បានមានប្រសាសន៍ផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ ទាំងអស់ ត្រូវបន្តខិតខំបន្ថែមទៀត ក្នុងន័យបម្រើដល់ផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ដោយត្រូវយក ចិត្តទុកដាក់ខ្ពស់ទៅលើការដោះស្រាយបញ្ហាប្រឈមនានា ក៍ដូចជាបំរើ សេវាសាធារណៈជូនប្រជាពលរដ្ឋ ឱ្យបានឆាប់ រហ័សទាន់សភាពការណ៍ និងមានប្រសិទ្ធភាពខ្ពស់ ស្របទៅនឹងគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាល ទី១ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ នេះ៕







