បន្ទាយមានជ័យ ៖ រសៀលថ្ងៃទី ៩ខែកុម្ភៈ ឆ្នាំ ២០២៦
នៅស្នាក់ការសាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ លោកស្រី ឌ័សា ណាហ្សេមីសាល
ដែលជាប្រធានបេសកកម្មគណៈកម្មការអន្តរជាតិនៃកាកបាទក្រហមអឌ្ឍចន្ទក្រហម
បានអញ្ជើញជួបសំណេះសំណាលនិងប្រគល់សម្ភារៈអនាម័យបរិស្ថាន
សម្រាប់ឆ្លើយតបតម្រូវការរបស់បងប្អូនជនភៀសសឹកខេត្តបន្ទាយមានជ័យ
ជូនតាមរយៈសាខាកាកបាទក្រហមខេត្តដឹកនាំដោយឯកឧត្តម អ៊ុំ រាត្រី
ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត ។
ឯកឧត្តម អ៊ុំ រាត្រី បានមានប្រសាសន៍ថា
ក្នុងឆ្នាំ ២០២៥កន្លងទៅថ្មីថ្មីនេះ កម្ពុជាត្រូវបានរងគ្រោះយ៉ាងធ្ងន់ធ្ងរដោយការឈ្លានពានរបស់ពួកទាហានសៀមមកលើទឹកដីកម្ពុជា
ចំនួន ២លើក លើកទី១ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី ២៨ ខែកក្កដាឆ្នាំ ២០២៥ លើកទី២
ចាប់ពីថ្ងៃទី ៧ថ្ងៃទី ២៧ខែធ្នូឆ្នាំ ២០២៥
ដោយពួកទាហានសៀមបានឈ្លានពានធ្វើការបាញ់ប្រហារមកលើកម្ពុជាបំផ្លិចបំផ្លាញប្រាសាទខ្មែរហេដ្ឋារចនាសម្ព័ន្ធ
សាលារៀនមន្ទីរពេទ្យវត្តអារាមជាដើម ។ ទង្វើដ៏ កម្រោលនេះ
ធ្វើឲ្យបាត់បង់អាយុជីវិតប្រជាពលរដ្ឋស្លូតត្រង់ជាច្រើននាក់
ហើយពួកវាបានធ្វើការហ៊ុំព័ទ្ធបន្លាលួសដាក់ទូកុងតឺន័រ ធ្វើឲ្យប៉ះពាល់ប្រជាពលរដ្ឋ
ពុំបានចូលទៅរស់នៅលើទឹកដីនិងផ្ទះសម្បែងនោះឡើយ បច្ចុប្បន្ននេះ មានប្រជាពលរដ្ឋ
ភៀសសឹក រស់នៅបណ្ដោះអាសន្នក្នុងទីសុវត្ថិភាពចំនួន ២៨០០គ្រួសារក្នុងនោះ
ដោយមានការយកចិត្តទុកដាក់គិតគូរ
ពីសុខទុក្ខរបស់បងប្អូនដែលជាជនភៀសសឹករាជរដ្ឋាភិបាលកម្ពុជានិង កាកបាទក្រហមកម្ពុជា
មិនទុកឲ្យបងប្អូនខ្វះខាតស្បៀងនោះឡើយ។
ក្នុងនាមកាកបាទក្រហមអឌ្ឍចន្ទក្រហម លោកស្រី
ឌ័សាណាហ្សែមីសាលមែន ក៏បានមានចិត្តអាណិតស្រណោះយ៉ាងក្រៃលែង ចំពោះបងប្អូនជាជនភៀសសឹកទាំងអស់
ដែលកំពុងរងទុក្ខឈឺចាប់ចំពោះការបាត់បង់ផ្ទះសម្បែងដីធ្លី
នេះគឺជាទង្វើអមនុស្សធម៌តែពិភពលោកស្អប់ខ្ពើមនៃការឈ្លានពានប្រទេសមួយទៅកាន់ប្រទេសមួយទៀត។
គួរបញ្ជាក់ថា សម្ភារៈអំណោយមនុស្សធម៌របស់កាកបាទក្រហមអន្តរជាតិសម្រាប់ជនភៀសសឹក នាថ្ងៃនេះរួមមាន ៖ ក្ដាក្រាលចំនួន ២៤០០ឈុត, សម្ភារៈកែលម្អប្រព័ន្ធបង្ហូរទឹកកខ្វក់ចំនួន ២ឈុត, ឃីតអនាម័យចំនួន ២២៥០ឈុត, សម្ភារៈប្រមូលកាកសំណល់រឹងចំនួន ២០ឈុត និងសម្ភារៈសម្អាតបង្គន់អនាម័យចំនួន ២០ឈុត ផងដែរ ៕






