បន្ទាយមានជ័យ ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាល
នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម ប្លែក វ៉ារី ប្រធាន ក្រុមប្រឹក្សាខេត្ត ទទួលបដិសណ្ឋារកិច្ច
ឯកឧត្ដម ដូមីនីក វិលលៀមស៍ ឯកអគ្គរដ្ឋទូតចក្រភពអងគ្លេសប្រចាំព្រះរាជាណាចក្រកម្ពុជា
ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយ ថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី១១
ខែកុម្ភៈ ឆ្នាំ២០២៦ ។
ឯកឧត្តម អ៊ុំ រាត្រី បានមានប្រសាសន៍ជម្រាបជូន
ឯកឧត្ដម ដូមីនីក វិលលៀមស៍ អំពីស្ថានភាពភូមិសាស្រ្តរបស់ខេត្តបន្ទាយមានជ័យ
តាមខ្សែបន្ទាត់ព្រំដែនរវាងប្រទេសកម្ពុជា-ថៃ ពីមហិច្ឆតាលោភលន់ឥតអៀនខ្មាស់របស់
រដ្ឋាភិបាលកងទ័ព និងប្រជាជនជ្រុលនិយមមួយចំនួនរបស់ប្រទេសថៃ បានបង្កឱ្យមានអរិភាព
បង្កើតព្រឹត្តិការណ៍ និងឈានដល់ការធ្វើសង្គ្រាមឈ្លានពានទាំងកម្រោលពីសំណាក់ភាគីថៃ
មកលើដែនដីអធិបតេយ្យភាពស្របច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យមានការបាត់បង់ជីវិត
និងរងរបួសជនស៊ីវិលស្លូតត្រង់ បំផ្លាញលំនៅដ្ឋានប្រជាពលរដ្ឋ
ខូចខាតហេដ្ឋារចនាសម្ព័នសាធារណៈរួមមាន ផ្លូវធ្វើដំណើរ ប្រពន្ធអគ្គិសនី ប្រព័ន្ធទឹក
សាលារៀន មន្ទីរពេទ្យ មណ្ឌលសុខភាព ទីតាំងអាជីវកម្ម ទីអារាមសាសនា និងផ្ទៃដីលំនៅដ្ឋាន
ដីកសិកម្មជាដើម។ល។ ក្រោយមានបទឈប់បាញ់កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០២៥
យោធាថៃបានដាក់កុងតឺន័រ និងរាយបន្លាលួសហ៊ុំព័ទ្ធបន្តគ្រប់គ្រងទាំងកម្រោល
ក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា
មានផ្ទះប្រជាពលរដ្ឋចំនួនជាង២ពាន់ខ្នងត្រូវបានបំផ្លាញ និងភូមិចំនួន៦ភូមិ
ត្រូវបានយោធាថៃបានដាក់កុងតឺន័រ និងរាយបន្លាលួសហ៊ុំព័ទ្ធយក
មិនឱ្យពលរដ្ឋកម្ពុជាចូលរួមនៅឡើយ។
ឯកឧត្ដម ដូមីនីក វិលលៀមស៍ បានបង្ហាញពីក្តីព្រួយបារម្ភចំពោះការផ្ទុះអាវុធនៅតាមព្រំដែននាពេលកន្លងមក
ដែលបានធ្វើឱ្យប៉ះពាល់ដល់អាយុជីវិតពលរដ្ឋ ផ្ទះសំបែង ភូមិឋាន ហើយពលដ្ឋត្រូវបានជម្លៀកចេញពីលំនៅឋាន
ផ្ទះសំបែង ដើម្បីទៅរកទីតាំងសុវត្ថិភាព។ ក្នុងនោះផ្លូវធ្វើដំណើរ ប្រពន្ធអគ្គិសនី
ប្រព័ន្ធទឹក សាលារៀន មន្ទីរពេទ្យ មណ្ឌលសុខភាព ទីតាំងអាជីវកម្ម ទីអារាមសាសនា
ផ្ទះសំបែងត្រូវបានបំផ្លាញ។ ក្រោយពីបានចុះពិនិត្យមើលជាក់ស្តែងតាមជំរុំជនភៀសសឹក
លោកគាំទ្រលើវិស័យអប់រំ សម្រាប់កុមារ ភៀសសឹក ដែលមានការរៀបចំថ្នាក់រៀនបណ្តោះអាសន្នជូនដល់កុមារបានរៀនសូត្រ
ហើយឃើញពលរដ្ឋរស់នៅទីនោះ ដោយមានការយកចិត្តពីប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរ
ជាខ្លាំង។ ក្នុងនាមស្ថាតទូតអង់គ្លេសប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្ដម
គាំទ្រឱ្យប្រទេសទាំងពីររក្សាសន្តិភាព គោរពនូវបទឈប់បាញ់ ស្វែងរកគ្រប់មធ្យោបាយគាំទ្រឱ្យកម្ពុជាមានសន្តិភាព
ជាពិសេសពលរដ្ឋភៀសសឹកឆាប់បានវិលត្រលប់ទៅលំនៅឋានវិញ។
ពាក់ព័ន្ធ ទៅនឹងបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ ឯកឧត្ដម
មានការចាប់អារម្មណ៍ និងសង្កេតឃើញថា ក្នុងប្រទេសថៃ មានទីតាំងឆបោកតាមអនឡាញជាច្រើនកន្លែង។
ហើយកម្ពុជាក៏ជាប្រទេសរងគ្រោះដោយបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ និងបានសាទរចំពោះរាជដ្ឋាភិបាលកម្ពុជា
ដែលបានបើកប្រតិបត្តិការបង្ក្រាប ទីតាំងឆបោកតាមប្រព័ន្ធអនឡាញ បានជាបន្តបន្ទាប់។
បន្ទាប់ពីជំនួបជាមួយរដ្ឋបាលខេត្តឯកអគ្គរដ្ឋទូត ចក្រភពអង់គ្លេស បានទៅជួបក្រុមសង្កេតការAOTដែលប្រចាំនៅខេត្តបន្ទាយមានជ័យ ស្ថិតនៅសណ្ឋាគារពីរ៉ាមីត ៕








