នគរបាលស្រុកសង្កែ ឃាត់ខ្លួនជនសង្ស័យ០១នាក់ ក្រោយធ្វើសកម្មភាពធាក់ផ្តួលម៉ូតូ ផ្ជង់យកកាបូបលុយ និងទូរស័ព្ទ
សារព័ត៌មាន​ ខ្មែរពិត (www.sapormeankhmerpit.com.kh) Phone +85569690578 ។​ សូមអរគុណ...!

នគរបាលស្រុកសង្កែ ឃាត់ខ្លួនជនសង្ស័យ០១នាក់ ក្រោយធ្វើសកម្មភាពធាក់ផ្តួលម៉ូតូ ផ្ជង់យកកាបូបលុយ និងទូរស័ព្ទ

បាត់ដំបង ៖ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកសង្កែ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរកា បានចុះធ្វើការស្រាវជ្រាវរហូតឃាត់ខ្លួនជនសង្ស័យ ០១នាក់ ក្រោយពីគេបានធ្វើសកម្មភាពធាក់ផ្តួលម៉ូតូ ផ្ជង់យកកាបូបលុយ និងទូរស័ព្ទរបស់ស្ត្រីជនរងគ្រោះ។

 

លោកវរសេនីយ៍ទោ យុត តុងហូ អធិការនគរបាលស្រុកសង្កែ បានអោយដឹងថា កាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង ២០និង០០នាទី នៅចំណុចក្រុមទី១៣ ភូមិតាកុក ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង មានករណីអំពើលួចមានស្ថានទម្ងន់ទោស (កាន់កាំបិតផ្ជុងយកទ្រព្យសម្បត្តិ) មួយកើតឡើងបង្កដោយជនសង្ស័យមិនស្គាល់ម្នាក់ ភេទប្រុស បានជិះម៉ូតូធ្វើសកម្មភាពធាក់ម៉ូតូរបស់ជនរងគ្រោះឈ្មោះ​ ង៉ិ រីវណ្ណថា ភេទស្រី អាយុ២៩ឆ្នាំ មានទីលំនៅភូមិតាប៉ុន ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង បណ្តាលអោយដួល រួចយកកាំបិតផ្ជុងយកកាបូបស្ពាយ ដែលមានលុយចំនួន ៦០០០០០រៀល(ប្រាំមួយសែនរៀល) និងទូរស័ព្ទដៃម៉ាកអាយហ្វូនចំនួន០២គ្រឿង ទៅដោយសុវត្ថិភាព។

  

លោកបានបញ្ជាក់ថា ក្រោយពេលទទួលបណ្តឹងរួចរាល់ កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកសង្កែ បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរកា ចុះស្រាវជ្រាវរហូតនៅវេលាម៉ោង ១៥និង០០នាទី ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ ឃាត់ខ្លួនបានជនសង្ស័យជាមុខសញ្ញាឈ្មោះ ចាន់ធា វិសា ភេទប្រុស អាយុ១៩ឆ្នាំ ជាមួយវត្ថុតាងទូរស័ព្ទភិនភាគខាងលើ ចំនួន០២គ្រឿង, កាំបិតកែឆ្នៃចំនួន០១ដើម និងម៉ូតូកែឆ្នៃចំនួន០១គ្រឿងផងដែរ ។

 

ក្រោយពីឃាត់ខ្លួនយកមកសាកសួរ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ បានឆ្លើយសារភាពថា​ ខ្លួនពិតជាបានធ្វើសកម្មភាពធាក់ម៉ូតូរបស់ជនរងគ្រោះ​ រួចយកកាំបិតផ្ជុងយកកាបូបពិតប្រាកដមែន បន្ទាប់មកកម្លាំងជំនាញ កសាងសំណុំរឿងបញ្ជូនជនសង្ស័យចាត់ចែងតាមនីតិវិធីច្បាប់ ៕





ដោយ ៖ សាលី


Post a Comment (0)
Previous Post Next Post