អាវុធហត្ថខេត្តបន្ទាយមានជ័យ ប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ និងទិសដៅអនុវត្តបន្ត និងផ្សព្វផ្សាយ ការងារប្រយុទ្ធប្រឆាំងការឆកបោកតាមប្រព័ន្ធបច្ចេកវិទ្យា (online scams)
សារព័ត៌មាន​ ខ្មែរពិត (www.sapormeankhmerpit.com.kh) Phone +85569690578 ។​ សូមអរគុណ...!

អាវុធហត្ថខេត្តបន្ទាយមានជ័យ ប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ និងទិសដៅអនុវត្តបន្ត និងផ្សព្វផ្សាយ ការងារប្រយុទ្ធប្រឆាំងការឆកបោកតាមប្រព័ន្ធបច្ចេកវិទ្យា (online scams)

បន្ទាយមានជ័យ ៖ នៅរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ និងទិសដៅអនុវត្តបន្ត និងផ្សព្វផ្សាយ ការងារប្រយុទ្ធប្រឆាំងការឆកបោកតាមប្រព័ន្ធបច្ចេកវិទ្យា (online scams)

 

កិច្ចប្រជុំនេះ ក្រោមការចូលរួមពីសំណាក់លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងមានការចូលរួមពីសំណាក់លោកមេបញ្ជាការរង លោកនាយសេនាធិការរង លោកប្រធាន-អនុប្រធានមន្ទីរទាំង៧ លោកនាយការិយាល័យ, លោកមេបញ្ជាការ មេបញ្ជាការរង មូលដ្ឋានក្រុង ស្រុកទាំង៩ លោកប្រធានស្នាក់ការសន្តិសុខ និងកម្លាំងកងរាជអាវុធហត្ថទាំងអស់ដែលកំពុងបំរើការងារនៅសេនាធិការដ្ឋានកងរាជអាវុធហត្ថខេត្ត។

 

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជូនចំពោះនាយ នាយទាហានរង និងពលទាហាន  នៃកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដោយក្តីនឹករលឹកផងដែរ។ និងបានគោរពដល់ដួងវិញ្ញាណក្ខន្ធវរកងទ័ព ពិសេសអាវុធហត្ថដែលបានពលី នៅក្នុងសមរភូមិប្រយុទ្ធតតាំងជាមួយនឹងសត្រូវឈ្លានពានការពារបូរណភាពទឹកដី នាពេលកន្លងមក។

 

លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការបានបន្តទៀតថា ដោយទទួលបានបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងអនុវត្តតាមការណែនាំរបស់លោកឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្នុងការប្រយុទ្ធប្រឆាំងការឆកបោកតាមប្រព័ន្ធបច្ចេកវិទ្យា (online scams) លោកបានដាក់បទបញ្ជារដល់មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុកទាំងអស់ ត្រូវតែធ្វើការបង្ក្រាបទីតាំងល្បែងអនឡាញ ប្រយុទ្ធប្រឆាំងការឆកបោកតាមប្រព័ន្ធបច្ចេកវិទ្យា (online scams) តាមភូមិសាស្រ្តរៀងៗខ្លួនឱ្យខានតែបាន ។ លោកមេបញ្ជាការបានសង្កត់ធ្ងន់ថា បើអាវុធហត្ថរូបណាដែលមានការពាក់ព័ន្ធទៅនឹងបទល្មើសគ្រប់ប្រភេទ ពិសេសបទល្មើសឆកបោកតាមប្រព័ន្ធបច្ចេកវិទ្យា (online scams) មិនត្រូវបានលើកលែងឡើយ ត្រូវតែអនុវត្តតាមផ្លូវច្បាប់ ៕








ដោយ ៖ លី គឹមហាក់

Post a Comment (0)
Previous Post Next Post