បន្ទាយមានជ័យ ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ជម្រុញមន្ត្រីក្រោមឱវាទ ត្រូវពង្រឹងការងារតាមជំនាញ និងទប់ស្កាត់បទល្មើសតាមភូមិសាស្ត្រទទួលខុសត្រូវរបស់ខ្លួន ។
ប្រសាសន៍ដូច្នេះ
ក្នុងកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែមករា
ឆ្នាំ២០២៦ (គិតចាប់ពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ ដល់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦)
និងដាក់ចេញទិសដៅអនុវត្តការងារសម្រាប់ខែបន្ទាប់
ដល់កងកម្លាំងនគរបាលក្រោមឱវាទគ្រប់អង្គភាពចំណុះទូទាំងខេត្ត នាថ្ងៃទី២២ ខែមករា
ឆ្នាំ២០២៦ ។
លោកឧត្តមសេនីយ៍ទោ
សិទ្ធិ ឡោះ បានសង្កត់ធ្ងន់ដល់កម្លាំងនគរបាលជំនាញ នគរបាលតាមក្រុង/ស្រុក
នគរបាលប៉ុស្តិ៍រដ្ឋបាលគ្រប់ឃុំ/សង្កាត់
ត្រូវពង្រឹងការយកចិត្តទុកដាក់ផ្តល់សេវាសាធារណះជូនប្រជាពលរដ្ឋឲ្យបានល្អ, ពង្រឹងការទប់ស្កាត់
បង្ក្រាបបទល្មើសឆ្លងដែនខុសច្បាប់ ពិសេសស្រុក/ក្រុងជាប់ព្រំដែន, ពង្រឹងទប់ស្កាត់ការប្រមូលផ្តុំ ការស្នាក់នៅខុសច្បាប់របស់ជនបរទេស, ពង្រឹងការងារយាមល្បាត ប្រចាំការ២៤ម៉ោង, ពង្រឹងការងារសន្តិសុខសណ្តាប់ធ្នាប់
សុវត្ថិភាពសង្គម និងសន្តិសុខព្រំដែន, បន្តស្រាវជ្រាវបង្ការ
បង្ក្រាបបទល្មើសគ្រប់ប្រភេទ និងក្មេងទំនើង ដើម្បីឲ្យភូមិ ឃុំ/សង្កាត់មានសុវត្ថិភាពពិតប្រាកដ
។
ក្នុងកិច្ចប្រជុំនេះដែរលោកឧត្តមសេនីយ៍ត្រី រ៉ែម វីរៈ ស្នងការរង ផែនការងារសេនាធិការ ក៏បានឡើងអានរបាយការណ៍បូកសរុបលទ្ធផលការងារ ដែលសម្រេចបានខែកន្លងមក។ លោកបានធ្វើការផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តិ, បានណែនាំការងារចាំបាច់ បច្ចេកទេសមួយចំនួន ដល់កងកម្លាំងនគរបាលទាំងអស់សម្រាប់យកទៅអនុវត្តនៅតាមអង្គភាពឲ្យកាន់តែមានភាពប្រសើរឡើង ៕



